រាជធានីភ្នំពេញ ៖ មានរឿងភ្ញាក់ផ្អើលមួយឈុលបានកើតឡើងបន្ទាប់ពីទុស្សេចរន្តអគ្គិសនីមួយនៅក្នុងការិយាល័យគយ និងរដ្ឋាករនៅផែស្ងួតសូងួន កាលពីវេលាម៉ោង១០កន្លះ ថ្ងៃទី២៨ មិថុនា ។ ឧប្បត្តិហេតុនោះអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានចេញទៅកាន់កន្លែងកើតហេតុភ្លាមៗ និងមានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង សម្រុកទៅកាន់ទីនោះដើម្បីជួយអន្តរាគមន៍ ។ ផែស្ងួតសូងួន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវចោមចៅហៅផ្លូវវេ៉ងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលបុគ្គលិកនៅទីនោះកំពុងធ្វើការងារ ស្រាប់តែមានការទុស្សេចរន្តអគ្គិសនីកើតឡើងនិងមានការឆាបឆេះបន្តិចបន្តួច បានបង្កឱ្យមានការភ្ញាក់ផ្អើលនិងជ្រួលច្របល់ភ្លាមៗ ។ ដោយសារតែខ្លាចការឆាបឆេះនោះ អាចបង្កឱ្យមានមហន្តរាយធំដុំទើបអាជ្ញាធរមូលដ្ឋានបានចេញទៅអន្តរាគមន៍ និងបានហៅរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងទៅកាន់ទីនោះ ដើម្បីត្រៀមជួយពន្លត់ភ្លើង ។ គ្រាន់តែសំឡេងគ្រហឹមរបស់រថយន្តពន្លត់អគ្គិភ័យ បានធ្វើឱ្យមានការភ័យស្លន់ស្លោក្នុងតំបន់នោះរួចទៅហើយ ទោះបីមិនឆេះធំដុំក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលមិនតិចដែរ។
លុះពេលទៅដល់រថយន្តពន្លត់អគ្គិភ័យមិនត្រូវអនុញ្ញាតឱ្យបាញ់ទឹកសូម្បីមួយតំណក់ទេ ព្រោះគ្មានការឆាបឆេះធំដុំទេ ហើយបើសិនជាបាញ់ទឹកចូលនោះនឹងត្រូវទទឹកខូចអន្តរាយនូវរាល់ឯកសារសំខាន់ៗអស់មិនខាន ។ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បញ្ហាអគ្គិភ័យពិតជាបានធ្វើឱ្យមានការព្រួយបារម្ភខ្លាំងណាស់ ទោះបីជាមានស្ថានភាពតូច ឬធំក៏ដោយ ។ ដូច្នេះប្រសិនបើពុំមានការជួយទប់ស្កាត់ទេនោះ ប្រាកដជាភ័យខ្លាចមានមហន្តរាយធំរាលដាលជាមិនខានឡើយ ហើយបើមានឡានទឹកទៅដល់ប្រាកដជាមានសង្ឃឹមច្រើន ៕
ចែករំលែកព័តមាននេះ