រាជធានីភ្នំពេញ ៖ ចោរលួចរថយន្តម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ព្រៃសចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងដែលម្ចាស់ចតទុកនៅមុខផ្ទះពេលយប់ រួចបើកចេញទៅដល់ពាក់កណ្តាលផ្លូវ ក៏ជួបនឹងកម្លាំងសមត្ថកិច្ចប៉ូលិសកំពុងល្បាត ក៏បើករត់គេចខ្លួន បណ្តាលឱ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកបះជើងទ្រមេឃ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី២៨ មិថុនា នៅតាមផ្លូវលំមួយកន្លែងត្រង់ចំណុចព្រំប្រទល់ភូមិម័ល និងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ រថយន្តដែលត្រូវក្រុមចោរលួចយកនោះម៉ាកកូរ៉ូឡា ពណ៌ស្ករ ឆ្នាំ១៩៩៣ ពាក់ស្លាកលេខភ្នំពេញ 2C-2706 ជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ាន់ វេង អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មុខរបរលក់ដូរ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពេលលួចបានសម្រេចក្រុមចោរបានកែស្លាកលេខរថយន្តនោះទៅជាភ្នំពេញ 2O-2700 ដើម្បីកុំឱ្យម្ចាស់ចំណាំបាន ។ ជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ឈ្មោះ ឡុក លីហេង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
លោក ម៉ាន់ វេង ជាម្ចាស់រថយន្តបានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានចតរថយន្តមួយគ្រឿងនោះនៅមុខផ្ទះជួល ហើយបានចូលទៅដេករហូតដល់ម៉ោងជាង១រំលងអធ្រាត្រទើបភ្ញាក់ដឹងខ្លួន ។ លុះពេលចេញទៅមើល ស្រាប់តែបាត់មិនឃើញរថយន្ត ក៏មានការភ្ញាក់ផ្អើលឆោឡោឡើង ប៉ុន្តែពុំដឹងថាត្រូវទៅរកនៅកន្លែងណានោះឡើយ ។ បន្ទាប់មកខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បូ៉ូលិសចោមចៅ ស្រាប់តែនៅវេលាម៉ោងប្រមាណ៥ទៀបភ្លឺទើបទទួលដំណឹងថា មានរថយន្តក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក ក៏បានទៅមើលទើបស្គាល់ថាជារថយន្តរបស់ខ្លួន បើទោះបីជាត្រូវក្រុមចោរកែស្លាកលេខយ៉ាងណាក៏ដោយ ។
លោក អ៊ុល សំអុល នាយប៉ុស្តិ៍ព្រៃសបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងប៉ូលិសប៉ុស្តិ៍របស់លោកបានទទួលបញ្ជាពីលោកអធិការ យឹម សារ៉ាន់ ឱ្យចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួន ។ ខណៈនោះស្រាប់តែប្រទះឃើញរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបើកបរក្នុងល្បឿនលឿនមកពីខាងមុខ ។ នៅពេលបានជួបនឹងកម្លាំងរបស់លោក រថយន្តនោះបានបន្ថែមល្បឿនកាន់តែលឿនថែមទៀតក្នុងបំណងគេចខ្លួន ។ ពេលឃើញគួរឱ្យសង្ស័យបែបនេះ លោកក៏បានដឹកនាំកម្លាំងដេញតាម ។ បន្តិចក្រោយមកដោយសារតែផ្លូវនោះរអិល ព្រោះភ្លៀងធ្លាក់ពីល្ងាចផងបានធ្វើឱ្យរថយន្តនោះរេចង្កូត ក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកតែម្តង បះកង់៤ឡើងលើ ។
លោកនាយប៉ុស្តិ៍ដដែលបានបន្តថា ភ្លាមៗនោះមានបុរសម្នាក់បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ព្រោះពេលនោះយប់ងងឹត ហើយទីនោះសុទ្ធតែព្រៃថែមទៀត ។ ចំណែកឯម្នាក់ទៀតត្រូវសមត្ថកិច្ចជួយយកចេញពីក្នុងរថយន្ត និងចាប់ខ្លួនយកមកសាកសួរភ្លាមៗ ប៉ុន្តែមិនត្រូវបានជននោះសារភាពអ្វីទេ ។ លុះក្រោយមកសមត្ថកិច្ចបាននាំយកទៅសាកសួរនៅប៉ុស្តិ៍ទើបដឹងថា ជននេះនិងបក្ខពួកដែលរត់គេចខ្លួនបាត់នោះគឺជាចោរលួចរថយន្តគេ ។ បន្ទាប់មកប៉ូលិសក៏បានបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌដើម្បីសាកសួរបន្ត ។
ដោយឡែក ប៉ូលិសប៉ុស្តិ៍ចោមចៅបានឱ្យដឹងថា តាមការសាកសួរត្រួសៗ ក្រុមចោរខាងលើបានធ្វើសកម្មភាពលួចរថយន្តចំនួន៣លើកមកហើយ គឺលើកទី១ នៅយប់ថ្ងៃទី១៦ មិថុនា លួចបានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2W-7348 ចេញពីក្នុងបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ។ លើកទី២ លួចបានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ក្រហម ចេញពីក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ និងលើកទី៣ លួចបានរថយន្តកូរ៉ូឡាមួយគ្រឿងនេះ ហើយរត់មិនរួច ក៏ជាប់អន្ទាក់បែបនេះតែម្តង ។ ពេលនេះប៉ូលិសកំពុងធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយធ្វើការស្រាវជ្រាវរកចាប់បក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន ៕
ចែករំលែកព័តមាននេះ