រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២២ មិថុនា កន្លងមកនេះ លោកស្រី ឡុង ផល្លី ចៅសង្កាត់មិត្តភាព ខណ្ឌ៧មករា បានធ្វើជាអធិបតីក្នុងពិធី ផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិដោយមានការចូលរួមពីលោក ញឹក ធឿន នាយរងប៉ុស្តិ៍សង្កាត់មិត្តភាព មន្ត្រីជំនាញអត្តសញ្ញាណប័ណ្ណ ព្រមទាំងប្រជាពលរដ្ឋប្រមាណ១២៥នាក់ ក្នុងនោះប្រជាពលរដ្ឋចំនួន១០៧នាក់ ដែលនឹងត្រូវទទួលអត្តសញ្ញាណប័ណ្ណ ។
លោកស្រីចៅសង្កាត់បានថ្លែងថា គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពជាគោលនយោបាយមួយដែលបានដាក់ជាផែនការសម្រាប់ផ្តល់នូវសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យល្អ មានចំនួន៩ចំណុចដែលថ្នាក់មូលដ្ឋានត្រូវយកចិត្តទុកដាក់ ។ លោកស្រីបានមានប្រសាសន៍ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ គឺការអនុវត្តនយោបាយចាស់សកម្មភាពថ្មី ការផ្តល់ដីកម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋដោយមិនមានការរើសអើង ធ្វើយ៉ាងណាឱ្យពលរដ្ឋទាំងអស់មានដីធ្លីផ្ទាល់ខ្លួនច្បាស់លាស់ដើម្បីអភិវឌ្ឍជាតិទាំងអស់គ្នា ។
ជាមួយគ្នានេះលោកស្រីចៅសង្កាត់ក៏បានបំផុសដល់ក្រុមយុវជនដែលគ្រប់អាយុអញ្ជើញនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៨ កក្កដា ខាងមុខដើម្បីរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៥ បន្តទៀត ៕
ចែករំលែកព័តមាននេះ