ខេត្តរតនគិរី ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូឌុបគ្នាឆ្លងផ្លូវរង្វង់មូលត្រូវរថយន្តសាំយ៉ុងបោះពួយបុកពេញទំហឹង អូសចម្ងាយប្រមាណ៥០ម៉ែត្រ ហើយរថយន្តបានរត់គេចបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍បានកើតឡើងត្រង់ចំណុចរង្វង់មូលមុខផ្សារបានលុង ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មិថុនា ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាច ណារុង ហៅរ៉េន ភេទប្រុស អាយុ៣៦ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខរតនគិរី 1A-0333 ។ អ្នករួមដំណើរឈ្មោះ សាល ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសធ្ងន់ ។ សាក្សីនិយាយថា ជនរងគ្រោះជិះម៉ូតូយឺតៗពីត្បូងទៅជើងកាត់រង្វង់មូល ស្រាប់តែមានរថយន្តសាំយ៉ុងមកពីលិចទៅកើតបុកពេញទំហឹង អូសម៉ូតូនិងមនុស្សជាច្រើនម៉ែត្រ ទើបរថយន្តថយក្រោយដោះម៉ូតូចេញពីក្រោមរថយន្ត រួចបើកគេចបាត់ស្រមោល បណ្តាលឱ្យបុរសម្នាក់ត្រូវរថយន្តកិនក្បាលបែកចេញខួរស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង ឯម្នាក់ទៀតខ្ទាតចេញពីម៉ូតូ រងរបួសខ្នងយ៉ាងធ្ងន់ធ្ងរ ។
ប៉ូលិសចរាចរក្រុងបានលុងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត រួចបញ្ជូនសពទៅតម្កល់នៅវត្តភូមិថ្មី រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឡាបានសៀក ៕
ចែករំលែកព័តមាននេះ