ខេត្តស្ទឺងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍ពីរករណីក្នុងថ្ងៃតែមួយបង្កឱ្យមនុស្សម្នាក់របួសបាក់ជើង ។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹកនៅភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន និងមួយលើកទៀតកើតឡើងនៅវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី២៧ មិថុនា នៅចំណុចទល់មុខស្នងការដ្ឋាននគរបាលខេត្ត ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុត ចយ អាយុ៣៣ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន ត្រូវសាច់ញាតិដឹកបញ្ជូនតាមទូកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៧ ដោយសារបើកគោយន្តកន្ត្រៃចុះទួលលឿនពេកធ្វើឱ្យដៃចង្កូតវាត់ធ្លាក់មកដី ត្រូវគោយន្តកិនពីលើបណ្តាលឱ្យបាក់ជើងខាងឆ្វេង ។ ចំណែកអ្នករួមដំណើរម្នាក់ទៀតមិនរងរបួសទេ ។
មួយករណីទៀត រថយន្តកូរ៉េចំណុះមួយតោនកន្លះ ពណ៌ខៀវ ទៅបុកម៉ូតូស្គូពីក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង វេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី២៧ មិថុនា ទល់មុខស្នងការដ្ឋាននគរបាលខេត្ត ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូស្គូពី ពណ៌ផ្កាឈូក ជិះគ្នា៣នាក់មាន ១-ឈ្មោះ សត់ គន្ធា ភេទស្រី អាយុ១៧ឆ្នាំ ជាអ្នកបើកបរ ២-ឡុង ស្រីនាង ភេទស្រី អាយុ១៧ឆ្នាំ និងក្មេងស្រីអាយុជាង២ឆ្នាំម្នាក់ទៀត រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ធ្វើដំណើរពីត្បូងទៅជើង ស្រាប់តែវាក់ប៉ូលិសធ្វើចរាចរ ក៏ជាន់ហ្វ្រាំងបន្ថយល្បឿន ស្របពេលនោះរថយន្តកូរ៉េមួយតោនកន្លះបើកបរដោយឈ្មោះ ជា អូន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង មានអ្នករួមដំណើរពីរនាក់ទៀតបុកពីក្រោយបណ្តាលឱ្យដួលទៅខាងស្តាំដៃ ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យអ្នកណារងរបួស ។ក្រោយកើតហេតុ នគរបាលចរាចរផ្លូវគោកបានយកទាំងរថយន្ត និងម៉ូតូទៅដោះស្រាយឯការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ៕
ចែករំលែកព័តមាននេះ