ខេត្តព្រៃវែង ៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅខេត្តព្រៃវែងបានផ្ទុះរឿងដ៏រសើបមួយបន្ទាប់ពីក្រុមឈ្មួញនាំគ្នាគាស់ផ្តួលដើមស្វាយព្រៃមួយដើម ដែលមានអាយុកាលរហូតដល់១៣០ឆ្នាំ នៅភូមិឫស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ និងបានដឹកចេញទៅបាត់ដោយសុវត្ថិភាព ក្រោយពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តចុះទៅឃើញ ប៉ុន្តែបានត្រឹមធ្វើកំណត់ហេតុ តែគ្មានចំណាត់ការ។
ដើមស្វាយព្រៃអាយុ១៣០ឆ្នាំនេះ ត្រូវបានគេគាស់ផ្តួលកាលពីថ្ងៃទី៣ ខែធ្នូ ដោយមនុស្សមួយក្រុមដែលគេអះអាងថា បានទិញពីម្ចាស់ដើមស្វាយនេះរួចហើយ ក្នុងគោលបំណងយកទៅដាំលម្អនៅក្នុងរោងចក្រមួយកន្លែងក្នុងទីប្រជុំជនអ្នកលឿង ។
ប៉ុន្តែនៅពេលផ្តួលរំលំដើមស្វាយនេះបានហើយបម្រុងដឹកចេញ ក៏មានអ្នកសារព័ត៌មានមួយក្រុមទៅទាន់ និងបានថតចុះផ្សាយពីសកម្មភាពនេះ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលពេញខេត្ត ។ លុះស្អែកឡើងថ្ងៃទី៤ ខែធ្នូ លោក ឃឹម អូន នាយសង្កាត់រដ្ឋបាលព្រៃឈើខេត្តព្រៃវែង ក៏បានទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុ រួចក៏ត្រឡប់ទៅវិញ ដោយទុកដើមស្វាយនោះនៅទីតាំងដដែល និងគ្មានការការពារអ្វីនោះទេ ។
អ្នកភូមិឫស្សីជួរបានរាយការណ៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅវេលាម៉ោង២រសៀលថ្ងៃទី១១ ខែធ្នូ គេបានឃើញក្រុមឈ្មួញនាំគ្នាមកដឹកដើមស្វាយព្រៃនោះយកចេញទៅយ៉ាងរលូន ដោយគ្មានការរំខានពីសមត្ថកិច្ច ឬមន្ត្រីជំនាញពាក់ព័ន្ធណាឡើយ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អ្នកយកព័ត៌មានកោះសន្តិភាព បានសាកសួរទៅមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយជាលទ្ធផលក៏លេចចេញនូវលិខិតអនុញ្ញាតមួយ ធ្វើនៅថ្ងៃទី៧ ខែធ្នូ ក្រោយពេលដែលដើមស្វាយព្រៃនោះត្រូវបានគាស់ផ្តួល៣ថ្ងៃ ដែលបានចុះហត្ថលេខាឯកភាព និងអនុញ្ញាតដោយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្ត និងលោក សួន សុម៉ាលីន អភិបាលរងខេត្ត ។
ក្នុងលិខិតនេះគឺអនុញ្ញាតឱ្យបុរសឈ្មោះ ស៊ិនសុវណ្ណា អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ១៧ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទិញដើមស្វាយចំនួន៣ដើម ពីឈ្មោះ ជួប សែន ជាបី្ត និងប្រពន្ធឈ្មោះ ទិត្យហ៊ីម មានទីលំនៅក្នុងភូមិឫស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ក្នុងតម្លៃ១លាន៧សែនរៀលក្នុង១ដើម ។
ការទិញដើមស្វាយនេះដាក់ថាដើម្បីយកទៅដាំលម្អសោភ័ណភាពនៅមុខរោងចក្រទិញ-លក់គ្រាប់ឈូក៩៩៩ នៅទីប្រជុំជនអ្នកលឿង ប៉ុន្តែទើបតែកាប់ដឹកចេញបាន១ដើម ក៏មានរឿងនេះផ្ទុះឡើងតែម្តង ។
ព្រឹកថ្ងៃទី១២ ខែធ្នូ អ្នកយកព័ត៌មានកោះសន្តិភាព បានទៅថតយករូបភាពដើមស្វាយព្រៃដែលគេដឹកចេញនោះ គឺពិតជាត្រូវបានដឹកយកមកទុកនៅក្នុងបរិវេណរោងចក្រទិញ-លក់គ្រាប់ឈូក៩៩៩នោះមែន ប៉ុន្តែពលរដ្ឋនៅក្បែនោះប្រាប់ថា រោងចក្រនោះបានបិទទ្វារជាង២ខែមកហើយ ដោយសាររកស៊ីមិនចំណេញ ។
នៅក្នុងបរិវេណរោងចក្រនោះពុំមានអ្វីទាំងអស់ ក្រៅពីដើមរាំងជាច្រើនដើមដែលគេប្រមូលទិញពីតាមភូមិ យកមកស្តុកទុកនៅទីនេះ ហើយនាំចេញទៅប្រទេសវៀតណាម នៅពេលដែលមានឈ្មួញវៀតណាមត្រូវការ ។ ឯដើមស្វាយព្រៃដែលគេយកមករក្សាទុកនេះ ត្រូវបានសង្ស័យថាអាចនឹងមានជោគវាសនាដូចដើមរាំងទាំងនោះដែរ គឺដេករង់ចាំឈ្មួញទិញទៅនៅស្រុកយួនតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ