ខេត្តតាកែវ៖ សមត្ថកិច្ចមនគរបាលស្រុកបាទីបានចាប់ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២៧ មិថុនា ២០១៣ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ដែលបានលួចយកម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង៩០ កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១៩មិថុនា ២០១៣ នៅចំណុចផ្សារសំរោងយ៉ោង ស្រុកបាទី។
ជនសង្ស័យលួចម៉ូតូមានគ្នា២នាក់ តែរត់រួចម្នាក់ ហើយសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ឈ្មោះញឹម ភឿន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំខាងលើ បានលួចយកម៉ូតូមួយគ្រឿងពីម្ចាស់ឈ្មោះសឿន សៀងហេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិប្រទិន ឃុំចំប៉ី ស្រុកបាទី ខណៈម្ចាស់ម៉ូតូបញ្ឈរទុកនៅក្បែរតូបលក់សាច់ជ្រូក។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីលួចបានម៉ូតូជនសង្ស័យ បានយកទៅលក់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្នុងតម្លៃ១៤០ដុល្លារ តែចៃដន្យនៅថ្ងៃទី២៦ មិថុនា ម្ចាស់ម៉ូតូបានទៅលេងនៅស្រុកកណ្ដាលស្ទឹងក៏ប្រទះឃើញម៉ូតូរបស់ខ្លួនដែលបាត់គេកំពុងជិះ ក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនដើម្បីសាកសួរ និងតាមស្រាវជ្រាវរកចាប់ខ្លួនអ្នកលក់បន្តបាននៅថ្ងៃទី២៧ មិថុនា ២០១៣៕
ចែករំលែកព័តមាននេះ