ខេត្តស្វាយរៀង ៖ ក្រុមការងារអធិការកិច្ចបានចុះត្រួតពិនិត្យជនបរទេសដែលមកស្នាក់នៅប្រកបមុខរបររកស៊ី និងធ្វើការងារនៅក្នុងកាស៊ីណូមួយ ក្នុងចំណោមកាស៊ីណូ១២ ក្នុងក្រុងបាវិត បានរកឃើញជនជាតិចិន កាន់លិខិតឆ្លងដែនប្រភេទE ចំនួន២.៥៥៤នាក់ ក្នុងនោះអត់មានសៀវភៅការងារចំនួន១.២៧៣នាក់ កំពុងស្នាក់នៅធ្វើការងារដោយខុសច្បាប់ ត្រូវបានចាប់ផាកពិន័យតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ។ ការត្រួតពិនិត្យនេះ ធ្វើឡើងចាប់ពីថ្ងៃទី៦ ធ្នូ និងបញ្ចប់នៅថ្ងៃទី៣១ ធ្នូខាងមុខនេះ ។
បើតាមលោក អ៊ូ សុខឿន អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃក្រសួងការងារប្រចាំខេត្តស្វាយរៀង បានឲ្យដឹងថា ដើមឆ្នាំ២០១៨នេះ ជនបរទេសបានមកចុះបញ្ជីធ្វើសៀវភៅការងារក្នុងរដ្ឋបាលខេត្តស្វាយរៀងមានចំនួន១១.០១៥នាក់ មាន២៦សញ្ជាតិ ក្នុងនោះភាគច្រើនជាជនជាតិចិន ។
នៅថ្ងៃទី៦ ទី៧ ធ្នូ ២០១៨ សមត្ថកិច្ចក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានការងារ ស្នងការដ្ឋាននគបាលខេត្ត មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានសហការចុះធ្វើអធិការកិច្ចត្រួតពិនិត្យជនបរទេសដែលស្នាក់នៅប្រកបមុខរបររកស៊ីនិងធ្វើការងារតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ។ល។ ក្នុងនោះកាស៊ីណូតែមួយកន្លែងឃើញជនជាតិចិនចំនួន១.២៧៣នាក់ កាន់លិខិតឆ្លងដែនប្រភេទE មកស្នាក់នៅប្រកបការងារដោយគ្មានចុះបញ្ជី ឬធ្វើសៀវភៅការងារ ក្នុងចំណោមជនជាតិចិនចំនួន២.៥៥៤នាក់ ។
លោកអនុប្រធាននមន្ទីរបន្តទៀតថា ក្រុងបាវិតមានកាស៊ីណូកំពុងដំណើរការចំនួន១២ ។ ចំពោះជនបរទេសដែលជាជនជាតិចិន ធ្វើការងារច្រើននៅក្នុងកាស៊ីណូចំនួន៣គឺ៖ កាស៊ីណូម៉ុកបាយ កាស៊ីណូក្រោណ និងកាស៊ីណូឡឺម៉ាកាវ ។ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍មានជនបរទេសស្នាក់នៅប្រកបមុខរបររកស៊ី និងធ្វើការងារឆ្នាំ២០១៨ នៅក្រុងបាវិតមានចំនួនជិត២ម៉ឺននាក់ ហើយមកធ្វើសៀវភៅការងារតែចំនួន១១.០១៥នាក់ ។
ដូច្នេះ ជនបរទេសជាង៨ពាន់នាក់កំពុងប្រកបមុខរបររកស៊ី និងធ្វើការងារអត់ចុះបញ្ជីការងារនៅក្រុងបាវិតទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស កំពុងចុះធ្វើអធិការកិច្ចត្រួតពិនិត្យជនបរទេសតាមកាស៊ីណូទាំង១២ក្នុងក្រុងបាវិតបន្តទៀតរហូតបញ្ចប់នៅថ្ងៃទី៣១ ធ្នូ២០១៨ ។
មន្ត្រីមន្ទីរទេសចរណ៍ឱ្យដឹងថា ទោះបីកាស៊ីណូនោះមានស.ជ.ណ ពីក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដោយពេលបើកធ្វើអាជីវកម្មនៅក្នុងកាស៊ីណូ មានសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួលភោជនីយដ្ឋាន រមណីយដ្ឋាន ក្លិបកម្សាន្ត ម៉ាស្សា ឌីស្កូតែក បៀហ្គាឌិន អាហារដ្ឋាន និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត ត្រូវតែមកសុំអាជ្ញាប័ណ្ណពីមន្ទីរទេសចរណ៍ខេត្តស្វាយរៀង ឬសុំអាជ្ញាប័ណ្ណទៅក្រសួងទេសចរណ៍តាមរយៈមន្ទីរទេសចរណ៍ខេត្តស្វាយរៀង ។
ពាក់ព័ន្ធករណីនេះដែរ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដែលកំពុងប្រកបអាជីវកម្មរួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន ម៉ាស្សា ខារ៉ាអូខេ ក្លិបកម្សាន្ត ឌីស្កូតែក បៀហ្គាឌិន និងសេវាកម្មទេសចរណ៍ទាំងអស់ដែលមានអាជ្ញាប័ណ្ណផុតសុពលភាពត្រូវរួសរាន់ដាក់ពាក្យសុំផ្តល់អាជ្ញាប័ណ្ណជាថ្មី ។ រីឯអ្នកប្រកបអាជីវកម្មគ្មានអាជ្ញាប័ណ្ណទាល់តែសោះនោះត្រូវមកដាក់ពាក្យសុំអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវតាមច្បាប់នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តស្វាយរៀង ឬនៅការិយាល័យច្រកចេញចូលតែមួយក្រុងបាវិត និងក្រុងស្វាយរៀងគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ ជាកំណត់ ។
មហាជនកំពុងតាមដានមើលថា តើចុងបញ្ចប់ការធ្វើអធិការកិច្ចលើជនបរទេសនេះថាតើមានជនបរទេសប៉ុន្មានពាន់នាក់ ដែលកំពុងប្រកបមុខរបររកស៊ី និងធ្វើការងារក្នុងកាស៊ីណូក្រុងបាវិតដែលគ្មានធ្វើសៀភៅការងារ យកមកផាកពិន័យ ។ បើតាមមន្ត្រីអធិការកិច្ចម្នាក់បង្ហើបថាតាមច្បាប់អន្តោប្រវេសន៍ត្រូវផាកពិន័យម្នាក់៥សែនរៀល ហើយឲ្យបំពេញទិដ្ឋាការបន្តនិងធ្វើសៀវភៅការងារស្របច្បាប់ ៕

ចែករំលែកព័តមាននេះ