ក្រុមហ៊ុនធានារា៉ប់រងដ៏ល្បីឈ្មោះរបស់អាមេរិកបានបង្ហើបឱ្យដឹងពីលទ្ធផលស្រាវជ្រាវចុងក្រោយថា ថ្ងៃទី៤ កក្កដា ឬទិវាបុណ្យជាតិសហរដ្ឋអាមេរិក គឺជាថ្ងៃដែលមានអ្នកស្លាប់ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ។ លទ្ធផលស្រាវរបស់អលស្តេត (Allstate) ជាក្រុមហ៊ុនធានារា៉ប់រងដ៏ធំ ស្ថិតក្នុងលំដាប់ទី២ នៅសហរដ្ឋអាមេរិកបានបង្ហាញទិន្នន័យគួរឱ្យបារម្ភថា នឹងមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងថ្ងៃទី៤កក្កដា ជាមធ្យម១៣៥នាក់រៀងរាល់ឆ្នាំ ។
លោក សានឆៃ គូបា៉តា អនុប្រធានគ្រប់គ្រងផ្នែកទីផ្សារ និងទំនាក់ទំនងរបស់ក្រុមហ៊ុន អលស្ពេតបានគូសបញ្ជាក់បន្ថែមនៅឯទីស្នាក់ការធំរបស់ក្រុមហ៊ុននៅក្នុងរដ្ឋអីុលលីណាយថា ឧបទ្ទវហេតុចរាចរណ៍នៅលើដងផ្លូវ ក្នុងថ្ងៃទី៤ កក្កដា នឹងមានច្រើនបំផុត ជាពិសេសក្រុមយុវវ័យដែលរងគ្រោះច្រើនជាង អ្នកផ្សេងទៀតដល់ទៅ៤ដង ។
តាមទិន្នន័យដែលចងក្រងដោយមូលនិធីអលស្តេតបានបញ្ជាក់ថា មានប្រហែល៧៥ភាគរយនៃយុវវ័យ ក្នុងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នមានទង្វើប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារមើលព័ត៌មានតាមរយៈទូរស័ព្ទ ខណៈពេលកំពុងបើកបរយានយន្ត ។ តួលេខ៧៥ភាគរយខាងលើបានកើនខ្ពស់ពី៤៩ភាគរយ កាលពីឆ្នាំ២០០៩ ស្របតាមលទ្ធផលស្រាវជ្រាវរបស់មហាវិទ្យាល័យវើដីននៀថេក ដែលបញ្ជាក់ពីចំនួនអ្នកប្រើទូរស័ព្ទខណៈពេលកំពុងបើកបរមានការប្រឈមមុខនឹងឧបទ្ទវហេតុចរាចរណ៍ ច្រើនជាងអ្នកបើកបររថយន្តទូទៅដល់ទៅ២៣ដង ៕
ចែករំលែកព័តមាននេះ