ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយព្រៃ​អាយុកាល​១៣០​ឆ្នាំ និង​ដើម​រាំង​ត្រៀម​ដូរ​ដី​ទៅ​នៅ​ស្រុក​យួន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ខេត្តព្រៃវែង​បាន​ផ្ទុះ​កើតរឿង​ដ៏​រសើប​មួយ គឺ​មាន​ក្រុម​ឈ្មួញ​បាន​នាំ​គ្នា​ទៅ​គាស់​ផ្តួលរំលំ​ដើម​ស្វាយព្រៃ​មួយ​ដើម ដែល​មាន​អាយុកាល​រហូត​ដល់​ទៅ​១៣០​ឆ្នាំ នៅ​ភូមិ​ឬ​ស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ និង​បាន​ដឹក​យក​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព…

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ខេត្តព្រៃវែង​បាន​ផ្ទុះ​កើតរឿង​ដ៏​រសើប​មួយ គឺ​មាន​ក្រុម​ឈ្មួញ​បាន​នាំ​គ្នា​ទៅ​គាស់​ផ្តួលរំលំ​ដើម​ស្វាយព្រៃ​មួយ​ដើម ដែល​មាន​អាយុកាល​រហូត​ដល់​ទៅ​១៣០​ឆ្នាំ នៅ​ភូមិ​ឬ​ស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ និង​បាន​ដឹក​យក​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព ទាំង​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ចុះ​ទៅ​ឃើញ ប៉ុន្តែ​បាន​ត្រឹមតែ​ធ្វើ​កំណត់ហេតុ តែ​គ្មាន​ចំណាត់ការ ឬ​ទំនង​មិន​ខុសច្បាប់ ព្រោះ​ជា​ឈើ​ស្រុក​។

ដើម​ស្វាយព្រៃ​អាយុ​១៣០​ឆ្នាំ​នេះ ត្រូវ​បាន​គេ​គាស់​ផ្តួល​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ដោយ​មនុស្ស​មួយ​ក្រុម ដែល​គេ​បាន​អះអាង​ថា បាន​ទិញ​ពី​ម្ចាស់​ដើម​ស្វាយ​នេះ​រួច​ហើយ ក្នុង​គោលបំណង​ដើម្បី​យក​ទៅ​ដាំ​នៅ​ក្នុង​រោង​ចក្រ​មួយ​កន្លែង ក្នុង​ទីប្រជុំជន​អ្នក​លឿង​។

ប៉ុន្តែ​នៅ​ពេល​ដែល​ផ្តួលរំលំ​ដើម​ស្វាយ​នេះ​បាន​ហើយ បំ​រ៉ុ​ង​ដឹក​ចេញ​ក៏​មាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ទៅ​ទាន់ និង​បាន​ថត​ចុះ​ផ្សាយ​ពី​សកម្មភាព​នេះ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ខេត្ត លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​៤ ធ្នូ លោក ឃឹម អូន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង ក៏​ចុះ​ទៅ​ត្រួតពិនិត្យ​វាស់វែង​ធ្វើ​កំណត់ហេតុ រួច​ក៏​ត្រឡប់​ទៅ​វិញ ដោយ​ទុក​ដើម​ស្វាយ​នោះ​នៅ​ទីតាំង​ដដែល និង​គ្មាន​ការ​ការពារ​អ្វី​នោះ​ទេ ដូច​គ្រាន់តែ​ទៅ​មើល​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ឬ​ស្សី​ជួរ​នោះ បាន​រាយការណ៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រហូត​មក​ដល់​ម៉ោង​២​រសៀល ថ្ងៃ​ទី​១១ ធ្នូ ស្រាប់តែ​ឃើញ​ក្រុម​ឈ្មួញ​នាំ​គ្នា​មក​ដឹក​យក​ដើម​ស្វាយព្រៃ​នោះ​ទៅ​បាន​យ៉ាង​រលូន ដោយ​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ណា​ឡើយ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​សាកសួរ​ទៅ​កាន់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ហើយ​ជា​លទ្ធផល​ក៏​លេច​ចេញ​នូវ​លិខិត​អនុញ្ញាតិ​មួយ ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ២០១៨ ក្រោយ​ពេល​ដែល​ដើម​ស្វាយព្រៃ​នោះ​ត្រូវ​កាប់​ផ្តួល​បាន​៣​ថ្ងៃ ដែល​បាន​ចុះហត្ថលេខា​ឯកភាព និង​អនុញ្ញាតិ​ដោយ​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង និង​លោក សួន សុ​ម៉ា​លី​ន អភិ​បាលរង​ខេត្តព្រៃវែង​។

ដោយ​អនុញ្ញាតិ​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ស៊ិ​ន សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧ ផ្លូវ​២១១ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទិញ​ដើម​ស្វាយ​ចំនួន​៣​ដើម ពី​ប្តី​ប្រពន្ធ​២​នាក់​ឈ្មោះ ជួប សែន (​បី្ត​) និង​ប្រពន្ធ​ឈ្មោះ ទិ​ត្យ ហ៊ី​ម មាន​ទីលំនៅ​ក្នុងភូមិ​ឬ​ស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ក្នុង​តម្លៃ​១​លាន​៧​សែន​រៀល​ក្នុង​១​ដើម ដើម្បី​យក​ទៅ​ដាំ​លម្អ​សោ​ភណ្ឌ​ភាព នៅ​មុខ​រោងចក្រ​ទិញ​លក់​គ្រាប់​ឈូក​៩៩៩ នៅ​ទីប្រជុំជន​អ្នក​លឿង ប៉ុន្តែ​ទើបតែ​គាស់​ដឹក​ចេញ​បាន​១​ដើម ក៏​មានរឿង​តែ​ម្តង​។

នៅ​ព្រឹក​ថ្ងៃ​ទី​១២​ធ្នូ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព បាន​តាម​ទៅ​ថត​យក​រូបភាព​ដើម​ស្វាយព្រៃ​ដែល​គេ​ដឹក​ចេញ​នោះ គឺ​ពិតជា​ត្រូវ​បាន​ដឹក​យក​មក​ទុក​នៅ​ក្នុង​រោងចក្រ​ទិញ​លក់​គ្រាប់​ឈូក​៩៩៩​នោះ​មែន ប៉ុន្តែ​ពលរដ្ឋ​នៅ​ក្បែ​នោះ​បញ្ជាក់​ប្រាប់​ថា រោងចក្រ​នោះ​បាន​បិទទ្វា​ជាង​២​ខែ​មក​ហើយ ដោយសារ​រកស៊ី​មិន​ចំណេញ​។

នៅ​ក្នុង​រោងចក្រ​នោះ​ពុំ​មាន​អ្វី​ទាំងអស់ ក្រៅពី​ដើម​រាំងជា​ច្រើន​ដើម ដែល​គេ​ដើរ​ប្រមូល​ទិញ​ពី​តាម​ភូមិ​យក​មក​ស្តុ​ប​ទុក​នៅ​ទី​នេះ ហើយ​ធ្វើការ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​ពេល​ដែល​មាន​ឈ្មួញ​ខាង​វៀត​ណាម​​ត្រូវការ ហើយ​ដើម​ស្វាយព្រៃ​ដែល​គេ​យក​មកនេះ ក៏​មានជោគ​វាសនា​ដូច​ជាដើម​រាំង​ទាំងនោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ