ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខេត្ត​កែប​រៀបចំ​ពិធី​ដាំ​កូន​​គគីរ​ជាង​400ដើម​​​ក្នុង​ថ្ងៃ​បុណ្យ​រុក្ខទិវា​9កក្កដា​

10 ឆ្នាំ មុន

ខេត្ដ​កែប​ ៖​ មន្ដ្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រះសង្ឃ​ លោក​គ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​ នៅ​ក្នុង​ភូមិ​កែប​ សង្កាត់​កែប​ ក្រុង​កែប​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា​ បាន​ប្រារព្ធ​បុណ្យ​រុក្ខទិវា​៩​ កក្កដា​ ដាំ​កូន​គគីរ​ចំនួន​៤៥​០​ដើម​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​កូន​គគីរ​ពី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ ។​

ខេត្ដ​កែប​ ៖​ មន្ដ្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រះសង្ឃ​ លោក​គ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​ នៅ​ក្នុង​ភូមិ​កែប​ សង្កាត់​កែប​ ក្រុង​កែប​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា​ បាន​ប្រារព្ធ​បុណ្យ​រុក្ខទិវា​៩​ កក្កដា​ ដាំ​កូន​គគីរ​ចំនួន​៤៥​០​ដើម​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​កូន​គគីរ​ពី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ ។​

ពិធី​នេះ​ប្រព្រឹត្ដ​ឡើង​ក្រោម​អធិបតីភាព​លោក​ កែន​ សត្ថា​ អភិបាល​ខេត្ដ​ និង​​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ក្នុង​ខេត្ដ​យ៉ាង​ច្រើន​កុះករ​ ។​
លោក​ ស៊ឹម​ ឡាប៉័ង​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​ភ្ញៀវ​អំពី​អត្ថន័យ​ជា​ប្រវត្ដិ​សាស្រ្ដ​រុក្ខ​ទិវា​៩​ កក្កដា​ ដែល​ប្រារព្ធ​នា​ថ្ងៃ​នេះ​ថា​ បុណ្យ​រុក្ខទិវា​នេះ​គឺ​មិន​មែន​ទើប​តែ​ធ្វើ​ឡើង​ ឬ​បង្កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ គឺ​មាន​តាំង​ពី​សម័យ​សង្គម​រាស្រ្ដ​និយម​ ជា​ព្រះ​រាជ​សកម្មភាព​ជា​ប្រវត្ដិសាស្រ្ដ​ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​ប្រកប​ដោយ​ព្រះបញ្ញា​ញាណ​ដ៏​ភ្លឺ​ស្វាង​បំផុត​របស់​ព្រះ​ករុណា​ ព្រះ​មហាវីរក្សត្រ​​ ព្រះវររាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បាទ​នរោត្ដម​​​សីហនុ​​ ដែល​ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា​លើ​ព្រះ​រាជក្រឹត្យ​លេខ​៧៣៨​​នស​ចុះ​ថ្ងៃទី​៨​ សីហា​ ឆ្នាំ​១៩៥២​ ។​

ក្នុង​ទិស​ដៅ​បន្ដ​វេន​ពី​សម័យ​សង្គម​រាស្រ្ដ​និយម​ រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេចអគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​កំណែ​ទម្រង់​វិស័យ​ព្រៃឈើ​រៀង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ និង​រៀប​ចំ​បុណ្យ​រុក្ខទិវា​៩​ កក្កដា​ ជា​ប្រពៃ​ណី​ប្រវត្ដិ​សាស្រ្ដ​នេះ​ជារៀង​រាល់​ឆ្នាំ​ ហើយ​យើង​បាន​ប្រារព្ធ​ធ្វើ​តាម​បណ្ដា​ខេត្ដ​-​រាជធានី​ នា​ពេល​កន្លង​មក​បាន​២១លើក​រួច​មក​ហើយ​នៅ​ទូទាំង​ប្រទេស​ ។​

លោក​ កែន​ សត្ថា​ អភិបាល​ខេត្ដ​ បាន​មាន​មតិ​សំណេះ​សំណាល​ទៅ​កាន់​ប្រជាពលរដ្ឋ​ និង​មន្ដ្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​បាន​ចូល​រួម​ថា​ បុណ្យ​រុក្ខទិវា​ ដែល​ប្រព្រឹត្ដ​ឡើង​នា​ថ្ងៃ​នេះ​ ក្រោម​កិច្ច​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្ដេច​តេជោ​ ហ៊ុន​​ សែន​ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា​បំផុត​នូវ​វិស័យ​ព្រៃឈើ​ ហើយ​បាន​ដឹក​នាំ​ និង​ពញ្ញាក់​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ចេះ​ស្រឡាញ់​​ និង​ស្គាល់​ច្បាស់​ពី​គុណ​ប្រយោជន៍​នៃ​ព្រៃឈើ​ ។​

លោក​អភិបាល​ខេត្ដ​ បាន​បន្ដថា​ ព្រៃឈើ​មាន​គុណ​ប្រយោជន៍​ច្រើន​ឥត​គណនា​សម្រាប់​មនុស្ស​ សត្វ​នៅ​លើ​ភព​ផែន​ដី​យើង​នេះ​ ព្រៃឈើ​បាន​ផ្ដល់​នូវ​សោភ័ណភាព​​ ទេសភាព​ធម្មជាតិ​ បរិស្ថាន​ និង​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ និង​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ​នៅ​លើភព​ផែន​ដី​ ។​ ជា​មួយ​គ្នា​នេះ​ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​​ធ្វើ​យ៉ាង​ណា​យើង​ត្រូវ​តែ​ដាំ​កូន​ឈើ​ឱ្យបាន​គ្រប់​ៗ​គ្នា​នៅតាម​ផ្ទះ​​ ឬ​តាម​ដង​ផ្លូវ​សាធារណៈ​ ។​ ចំណែក​មន្ដ្រី​រាជការ​ត្រូវ​ដាំ​កូន​ឈើ​ក្នុង​ម្នាក់​ៗ​ឱ្យ​បាន​ច្រើន​ដើម​ ព្រះសង្ឃ​ លោក​គ្រូ​ អ្នកគ្រូ​ ត្រូវ​ដាំ​នៅ​ក្នុង​ទី​វត្ដ​អារាម​ និង​បំផុស​ដឹក​នាំ​សិស្ស​ឱ្យ​ដាំ​នៅ​តាម​សាលា​រៀន​ឱ្យ​បាន​គ្រប់​ៗ​សាលា​ទាំង​អស់​ ។​ បើ​ខ្វះ​កូន​ឈើ​ត្រូវ​រាយ​ការណ៍​មក​រដ្ឋបាល​ព្រៃ​ឈើ​ ដើម្បី​ដោះ​ស្រាយ​ជូន​បងប្អូន​ ​។​

លោក​ក៏​បាន​ណែ​នាំ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​ថ្នាក់​មូល​ដ្ឋាន​ទូទាំង​ខេត្ដ​ សុំ​ឱ្យ​ពន្យល់​ផ្សព្វផ្សាយ​ បំផុស​ការ​ដាំ​កូន​ឈើ​ និង​ការ​ថែ​ទាំង​កូនឈើ​ដែល​កំពុង​ដាំ​ និង​មាន​ស្រាប់​ឱ្យ​បាន​គង់​វង្ស​ ឈប់​កាប់​បំផ្លាញ​តទៅ​ទៀត​ ។​ បំផុស​ក្មួយ​ៗ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ស្រឡាញ់​ដើម​ឈើ​ ឱ្យ​ចេះ​ថែ​រក្សា​ដើម​ឈើ​ និង​ឱ្យ​យល់​ពី​ផល​ប្រយោជន៍​នៃ​ដើមឈើ​ ។​

ក្នុង​ឱ​កាស​នោះ​ដែរ​លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ដី ដែល​មាន​ដី​នៅ​ក្នុង​ក្រុង​កែប​ សូម​មេត្ដា​ចូល​មក​អភិវឌ្ឍ​ដី​ភូមិ​ ឬដី​ចម្ការ​ កុំទុក​ឱ្យ​ព្រៃ​ដុះ​ស៊ុបទ្រុប​ ពីព្រោះ​ក្រុង​កែប​ជា​តំបន់​ទេសចរណ៍​ ហើយ​អាជ្ញាធរ​ក្រុង​និង​ខេត្ដ​ កំពុង​អភិវឌ្ឍ​តំបន់​ទេស​ចរណ៍​ធម្មជាតិ​ដ៏​មាន​សោភ័ណ​ភាព​ឱ្យ​ស្រស់​បំព្រង​ឡើង​ សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​មក​ទស្សនា​តំបន់​នេះ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​​ ។​

លោក​ក៏​បាន​រំលឹក​ផង​ដែរ​ថា​ កន្លង​មក​មាន​ម្ចាស់​ដី​មួយ​ចំនួន​ អាជ្ញាធរ​បាន​ប្រកាស​ជូន​ដំណឹង​ឱ្យមក​កាប់​ឆ្ការ​ ដើម្បី​អភិវឌ្ឍ​ដី​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ អត់​មាន​អ្នក​ណា​មក​ទេ​ បើមាន​ប្រជាពល​រដ្ឋ​ណា​ម្នាក់​ទៅ​ត្រាយ​ព្រៃ​ដែល​ដុះ​ស៊ុបទ្រុប​នោះ​ ទើប​មាន​ពាក្យ​បណ្ដឹង​ពី​ម្ចាស់​ដី​ប្ដឹង​មក​ចៅ​ហ្វាយ​ខេត្ដ​ក៏​មាន​ ។​ ដូច្នេះ​ ដើម្បី​ធ្វើ​ឱ្យ​សោភ័ណភាព​ក្នុង​ខេត្ដ​កែប​កាន់​តែ​ទាក់​ទាញ​ដល់​ភ្ញៀវ​ទេសចរ​នោះ​ សូម​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​ក្នុង​ក្រុង​កែប​មេត្ដា​មក​អភិវឌ្ឍ​កុំទុក​ឱ្យ​ព្រៃ​ដុះ​ស៊ុបទ្រុប​បាត់​សោភ័ណភាព​នៅ​ក្នុង​ខេត្ដ​ ទេសចរណ៍​ធម្មជាតិ​​មួយ​នេះ​តទៅ​ទៀត​ ៕​