ឧទ្យានឧស្សាហកម្ម (IP) និងតំបន់សេដ្ឋកិច្ច (EZ) នៅក្នុងប្រទេសវៀតណាមបានទាក់ទាញទឹកប្រាក់ជាង១១០ពាន់លានដុល្លារអាមេរិកពីវិនិយោគបរទេសនៅដំណាច់ខែមិថុនា ។ នេះបើយោងតាមសារព័ត៌មានអាស៊ី ANN ចុះផ្សាយ។ តួលេខខាងលើត្រូវបានប្រកាសនៅកិច្ចប្រជុំគណៈកម្មាធិការនាយកស្តីពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ច និងឧទ្យានឧស្សាហកម្មក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai កាលពីថ្ងៃចន្ទ ។
បច្ចុប្បន្នប្រទេសវៀតណាមមាន IP ចំនួន២៨៩ ដែលលាតសន្ធឹងលើផ្ទៃដី៨១.០០០ហិកតា និង EZ ឆ្នេរសមុទ្រចំនួន១៥ ដែលគ្របដណ្តប់លើផ្ទៃដី៦៩៨.០០០ហិកតា បូកបន្ថែមតំបន់សេដ្ឋកិច្ចព្រំដែនចំនួន២៨ទៀត ។ សរុបទៅគម្រោងវិនិយោគផ្ទាល់បរទេសចំនួន៤.៦៦៥(FDI) មានទឹកប្រាក់សរុបចំនួន៧០ពាន់លានដុល្លារ កំពុងប្រតិបត្តិការនៅក្នុង IP ខណៈដែល EZ តំបន់ឆ្នេរទាក់ទាញបានទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារ ហើយEZតាមព្រំដែនមានចំនួន៧០០លានដុល្លារ ។
ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០១៣នេះ មូលធនដែលបានចុះបញ្ជីត្រូវបានគេរាយការណ៍ថាមានចំនួន៧,៩ពាន់លានដុល្លារស្មើនឹងជាង៨០%នៃមូលធនវិនិយោគថ្មី ។ នៅក្នុងអំឡុងពេលដូចគ្នា IP និង EZ ទាក់ទាញបានទឹកប្រាក់១៤,៩លានលានដុង (៧១៣,៩លានដុល្លារ)ពីវិនិយោគិនវៀតណាម ។ ដូចគ្នាដែរសហគ្រិនវៀតណាមដែលកំពុងប្រតិបត្តិការនៅក្នុង IP និង EZ បានវិនិយោគទឹកប្រាក់ចំនួនជាង៩០០លានលានដុង(៤២,៨ពាន់លាន ដុល្លារ)នៅក្នុង៦.០០០គម្រោង ។ បច្ចុប្បន្ននេះមានប្រជាជនជាង២,១លាននាក់កំពុងធ្វើការនៅក្នុង IP និង EZ ៕
ចែករំលែកព័តមាននេះ