ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូធំ​វត្តថា​ន់ ទម្លាយ​មូលហេតុ​នារី​ៗ​សកម្ម​ក្នុង​ការ​ហ្វឹកហាត់​ល្បុក្កតោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ គេ​កត់​សម្គាល់ថា យុវតី​វ័យក្មេង​ដែល​មាន​កាយសម្បទា​រឹង​មាំ បាន​វិ​វត្ត​ខ្លួន​ក្លាយជា​កីឡាការិនី​ល្បុក្កតោ​ច្រើន​ឡើង ដោយ​ក្នុង​នោះ​គេ​ឃើញ​ក្លិប​ល្បុក្កតោ​ក្មេង​វត្តថា​ន់ មាន​សកម្មភាព​បង្វឹក​សិស្ស​សស្រាក់សស្រាំ​ជាងគេ ដោយ​ក្នុង​ចំណោម​សិស្ស​របស់​ក្លិប​នេះ ក៏​មាននារី​​មួយ​ចំនួន​ធំ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ គេ​កត់​សម្គាល់ថា យុវតី​វ័យក្មេង​ដែល​មាន​កាយសម្បទា​រឹង​មាំ បាន​វិ​វត្ត​ខ្លួន​ក្លាយជា​កីឡាការិនី​ល្បុក្កតោ​ច្រើន​ឡើង ដោយ​ក្នុង​នោះ​គេ​ឃើញ​ក្លិប​ល្បុក្កតោ​ក្មេង​វត្តថា​ន់ មាន​សកម្មភាព​បង្វឹក​សិស្ស​សស្រាក់សស្រាំ​ជាងគេ ដោយ​ក្នុង​ចំណោម​សិស្ស​របស់​ក្លិប​នេះ ក៏​មាននារី​​មួយ​ចំនួន​ធំ ។ មាន​មូលហេតុ​ធំ​៤ ដែល​នាំ​ឱ្យ​នារី​វ័យក្មេង​ៗ​ទាំងនោះ​ចំណាយពេល និង​កម្លាំង​បង្វឹក​ខ្លួនឯង​នៅ​ក្នុង​វិស័យ​ល្បុក្កតោ​។

លោក ឆ​ន ច័ន្ទ​វិ​រៈ គ្រូធំ​ប្រចាំ​សាលា​គុន​វត្តថា​ន់ បាន​អះអាង​ថា ក្នុង​ចំណោម​កូនសិស្ស​របស់​គាត់​ច្រើន​នាក់ មានកូន​សិស្ស​ជានា​រី​ប្រមាណ​១០​ទៅ​១១​នាក់ ប៉ុន្តែ​សិស្ស​នារី​ដែល​មក​ហ្វឹកហាត់​ជាប់លាប់​រាល់ថ្ងៃ គឺ​មាន​តែ​៧​នាក់​ដោយ​នារី​ទាំងនោះ​សកម្ម​ក្នុង​ការ​ហ្វឹកហាត់​ទៀងទាត់​មិន​ខុស​គ្នា​ពី​សិស្ស​ប្រុស​នោះ​ទេ ។ ក្នុង​ចំណោម​អ្នក​ទាំង​៧​រូប​នោះ លោក​ថា សិស្ស​ខ្លះ​ហ្វឹកហាត់​ក្នុង​ក្រុម​វត្តថា​ន់​ជាង​មួយ​ឆ្នាំ​មក​ហើយ ខណៈ​សិស្ស​ដែល​ហាត់​បាន​តិច​ជាងគេ​ក៏​ហ្វឹកហាត់​បាន​រង្វង់​កន្លះ​ឆ្នាំ​នោះ​ដែរ ទើប​លោក​ហៅ​សិស្ស​នារី​ទាំង​៧​រូប​ថា ជា​កីឡាការិនី​ល្បុក្កតោ និង​តែង​ជំរុញ​សកម្មភាព​ពួក​នាង​នៅ​ក្នុង​វិស័យ​មួយ​នេះ ។

លោក​និយាយ​ថា​៖«​បើ​និយាយ​ពី​សិស្ស​ស្រី​គឺ​ចេញចូល​ៗ ចំនួន​ជាង​១០​នាក់ ដោយ​អ្នក​ខ្លះមក​ហាត់​ពីរ​បី​ថ្ងៃ​បាត់​ពីរ​បី​ថ្ងៃ តែបើ​អ្នក​ហាត់​ជាប់លាប់​តែ​ម្ដង គឺ​មាន​តែ​ស្រី​ៗ៧​នាក់​ប៉ុណ្ណោះ​!»​។ មាន​ហេតុផល​៤​ដែល​នាំ​ឱ្យ​នារី​ទាំងនេះ មក​ហ្វឹកហាត់​ល្បុក្កតោ​ជាប់លាប់​ក្នុង​ក្រុម​វត្តថា​ន់ ទី​១​គឺ​ដោយសារ​តែ​ទីតាំង​បង្វឹក​របស់​ក្រុម​វត្តថា​ន់​ស្ថិត​នៅ​កន្លែង​ដែល​ពួក​នាង​ធ្វើការ ទី​២​គឺ​ពួក​នាង​ចង់​ចេះ​ក្បាច់គុន​ការពារ​ខ្លួន ទី​៣​គឺ​ចង់​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង​នៅ​ពេល​មានការ​ជ្រើសរើស​អ្នកចេះ​សម្ដែង​វាយតប់ និង​ទី​៤​សំខាន់​ជាងគេ​គឺ​ចង់​ចូលរួម​អភិរក្ស​ក្បាច់គុន​ល្បុក្កតោ​របស់​ដូនតា​ខ្មែរ​តែ​ម្ដង ។

លោក​អះអាង​ថា ក្នុង​ចំណោម​ស្រី​ៗ​ទាំង​៧ មួយ​ចំនួន​ពួក​នាង​មក​ហាត់​របៀប​លេងសើច​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​បានដឹង​ថា​ក្បាច់គុន​មួយ​នេះ​ខ្វះ​អ្នកចូលរួម​អភិរក្ស ទើប​នារី​ទាំងនោះ​ជាប់ចិត្ត​ហើយ​ហ្វឹក​ហាត់​ជាប់លាប់ ។ លោក​និយាយ​ថា​៖«​អ្នក​ទាំង​៧​ហ្នឹង​ពី​ដំបូង​ក៏​ចង់​ក្លាយជា​កីឡា​ការិនី​អី​ដែរ ប៉ុន្តែ​មក​ពី​ហាត់​យូរ​ៗ​ទៅ គាត់​ដូច​សប្បាយ ហើយ​ចង់​ចូលរួម​អភិរក្ស​កីឡា​ហ្នឹង ទើប​គាត់​មក​ហាត់​ជាប់លាប់​ជុំ​គ្នា មិន​ដែល​បាត់​មុខ​!»​។ កីឡាការិនី​ទាំង​៧​លោក​ថា ក៏​បាន​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង​ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន​ផង​ដែរ ទើប​កាន់តែ​ធ្វើ​ឱ្យ​ពួក​គេ​ជាប់ចិត្ត​ហើយ​សកម្ម​ក្នុង​ក្រុម មិន​ថា​ក្នុង​ពេល​ហ្វឹកហាត់ និង​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​គ្រូបង្វឹក​ដល់​សិស្ស​ស្រី​ៗ​ផ្សេង​ទៀត​ផង នៅ​ក្នុង​សាលា​គុន​។

លោក ឆ​ន ច័ន្ទ​វិ​រៈ បាន​ថ្លែង​បញ្ជាក់​ថា ក្នុង​ចំណោម​កូនសិស្ស​ស្រី​ទាំង​៧​របស់​លោក មួយ​ចំនួន​គឺជា​សិស្ស​សាលា មួយ​ចំនួន​គឺជា​អ្នកធ្វើការ​ក្រុមហ៊ុន ហើយ​មួយ​ចំនួន​ទៀត​គឺជា​អ្នក​រត់​តុ និង​ជា​អ្នក​គិតលុយ​ប្រចាំ​ភោជនីយដ្ឋាន​ទើប​លោក​កោតសរសើរ​ដែល​នារី​ទាំងនោះ​ស្រឡាញ់​ពេញចិត្ត​ល្បុ​ក្កតោ ហើយ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្សកីឡា​មួយ​នេះ​។ អ្វី​ដែល​គួរ​ឱ្យ​សរសើរ​គឺ​ពួក​នាង​ចំណាយ​ពេលវេលា​ដោយ​ការ​លះ​បង់​ខ្ពស់ ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​ក៏​ឱ្យ​តម្លៃ​នាង​ក្នុង​នាម​ជា​អ្នក​បន្តវេន​ល្បុក្កតោ​ប្រចាំ​ក្រុម​ផង​ដែរ ។

លោក​ថា ល្បុក្កតោ​វត្តថា​ន់​រាល់ថ្ងៃ ប្រសិនបើ​មានការ​គាំទ្រ​ជា​សកម្មភាព និង​ថវិកា​ពី​សប្បុរសជន​ថែម​ទៀត មិនដឹង​ថា​នឹង​មាន​សិស្ស​ទាំងប្រុស​ទាំងស្រី​ចូល​ហ្វឹកហាត់​ច្រើន​ឡើង​ប៉ុនណា​ទេ ប៉ុន្តែ​ដោយសារ​តែ​សិស្ស​ទាំងនោះ​មិន​មាន​ប្រាក់ខែ ហើយ​ត្រូវ​លះបង់​ថវិកា​ផ្ទាល់ខ្លួន​ថែម​ទៀត ទើប​មាន​សិស្ស​ខ្លះ​គឺ​បាត់​មុខ​វិញ ក្រោយ​ពេល​តស៊ូ​ហ្វឹកហាត់​បាន​មួយ​រយៈ ។ លោក​ទទូច​ចង់​ឃើញ​កីឡាការិនី​ទាំងនោះ ក្លាយ​ខ្លួន​ជា​អ្នក​បន្តវេនកាន់តែ​ល្អ ដោយ​អាច​បើក​ជា​សាលា​គុន​ខ្លួនឯង​ដូច​គ្នា​នឹង​រូប​លោក​ដើម្បី​បង្ហាញ​សាធារណជន​ថា​នារី​ក៏​មាន​សមត្ថភាព​ក្លាយជា​គ្រូបង្វឹក​អាជីព​ចូលរួម​លើក​ស្ទួយ​កីឡា​ល្បុក្កតោ​ជាដើម ។

ក្នុង​នោះ​លោក​ក៏​ទទូច​ឱ្យ​បណ្ដា​ផលិតកម្ម ផ្ដល់​ឱកាស​ឱ្យ​សិស្ស​នារី​ៗ​របស់​លោក​បាន​ក្លាយជា​តារា​សម្ដែង​ដូច​គ្នា​នឹង​តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ ឱ្យ​បាន​ច្រើន ដោយសារ​តែ​លោក​យល់​ថា​ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត​ឱ្យ​នារី​ល្បុក្កតោ​ទាំងនោះ​នៅ​តែ​សកម្ម​ក្នុង​ក្រុម​បាន​លុះត្រាតែ​ពួក​នាង​ទទួល​បាន​ឱកាស​លេចមុខ​លេច​មាត់​នៅ​ក្នុង​សកម្មភាព​សម្ដែង​ភាពយន្ត​បែប​នេះ​សិន​ដែរ​។

កញ្ញា ពេជ្រ ចរណៃ ដែល​ជា​កូនសិស្ស​ល្បុក្កតោ​វត្តថា​ន់ និង​បច្ចុប្បន្ន​បាន​ក្លាយជា​តារា​សម្ដែង​ដែល​មាន​សន្ទុះ​មួយ​រូប បាន​ថ្លែង​បញ្ជាក់​ថា ល្បុក្កតោ​បាន​ជួយ​ឱ្យ​នាង​ទទួល​បាន​ឱកាស​យ៉ាង​ខ្លាំង ដោយសារ​តែ​ពេល​ដំបូង​នាង​គ្រាន់តែ​ជា​ក្មេង​ស្រី​ដែល​មក​ហ្វឹកហាត់​ល្បុក្កតោ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ក៏​មាន​ឱកាស​បាន​សម្ដែង ហើយដោយ​សារ​តែ​ចំណូល​ចិត្ត រូបសម្បត្តិ និង​ទេព​កោសល្យ​ទើប​បណ្ដា​ផលិត​ករ​កាន់តែ​ជួយ​ជំរុញ ។

យ៉ាងណាមិញ កេរ្តិ៍ឈ្មោះ​របស់​នាង​កាន់តែ​អណ្ដែត​ឡើង​ក្រោយ​ពេល​បាន​ក្លាយជា​សមាជិក​«​គ្រួសារ​តារា​កម្ពុជា​»ហើយ​ត្រូវ​បាន​ក្រុម​នេះ​បំផុស​នឹង​ផ្សព្វផ្សាយ​រៃ​អង្គាស​ថវិកា​ជួយ​នាង​ឡើង​ផ្អើល​គ្រប់​ស្រទាប់​មហា​ជន​រហូត​ធ្វើ​ឱ្យ​នាង​ដែល​មាន​ជំងឺ​ដាច់​សរសៃ​ប្រឹស​បេះដូង​ធ្ងន់ធ្ងរ​មាន​លទ្ធភាព​បាន​ទទួល​ជំនួយ​វះកាត់ ទើប​ក្រោយ​ពេល​ជាទី​ផ្សារ​សម្ដែង​របស់​នាង​ក៏​កម្រើក​ឡើង​វិញ​ខ្លាំង​។

ពេជ្រ ចរណៃ ប្រកាស​ថា ជោគជ័យ​ក្នុង​សិល្បៈ​បើ​គ្មាន​ល្បុក្កតោ​ក៏​នាង​មិន​បាន​សម្ដែង ហើយ​បើ​គ្មាន​ការ​សម្ដែង​ក៏​មិន​បាន​ក្លាយជា​សមាជិក​ក្រុម«​គ្រួសារ​តារា​កម្ពុជា​» និង​រឹតតែ​មិន​មាន​លទ្ធភាព​វះកាត់​បេះដូង​ទៀត ដែល​នាង​បញ្ជាក់​ថា ទាំងនេះ​សុទ្ធតែ​ជា​លទ្ធផល​តស៊ូ​នៅ​ក្នុង​ល្បុក្កតោ​វត្តថា​ន់ ។ អ៊ីចឹង​ហើយ​ទើប​នាង​រវល់​យ៉ាងណា​ក៏​នៅ​តែ​មិន​ចោល​ក្រុម​នេះ ដោយនៅ​តែ​ឆ្លៀតពេល​បន្ត​ការ​ហ្វឹកហាត់​ក្នុង​ក្រុម​វត្តថា​ន់ រាល់ពេល​ទំនេរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ