យោងតាមប្រភពព័ត៌មានសន្តិសុខថា ការប៉ះទង្គិចគ្នានានាកាលពីថ្ងៃទី២៦ មិថុនា រវាងពួកអ្នកគាំទ្រ និងពួកអ្នកប្រឆាំងប្រធានាធិបតីអេហ្សុីប លោក ម៉ូហាម៉េដ ម័រស៊ី បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ ហើយមនុស្ស២៣៧នាក់ត្រូវរបួសនៅភាគខាងជើងអេហ្សុីប ។
ឮការប្រមូលផ្តុំមនុស្សរបស់ពួកអ្នកគាំទ្រលោក ម័រស៊ី នៅទីក្រុងម៉ានស៊ូរ៉ា ស្ថិតនៅតំបន់ដីសណ្តទន្លេនីល រងការវាយប្រហារពីសំណាក់ពួកប្រឆាំងដែលបានគប់កាកសំណល់មកលើពួកគេ ។ ប្រការនោះញ៉ាំងឱ្យផ្ទុះការប៉ះទង្គិចគ្នាឡើង ។ បណ្តាអគារ និងរថយន្តទាំងឡាយរងការខូចខាតនៅក្រុងម៉ានស៊ូរ៉ា និងនៅក្រុងតានតា ស្ថិតនៅភាគខាងជើងទីក្រុងគែរ ។
ពួកប្រឆាំងលោកប្រធានាធិបតី ម័រស៊ី ដែលចោទប្រកាន់រូបលោកថា ប្លន់យកជ័យផលនៃបដិវត្តន៍ឆ្នាំ២០១១ ដែលបានបញ្ចប់របបលោក ហូស្នីមូបារ៉ាក់ នោះបានអំពាវនាវឱ្យមានការប្រមូលផ្តុំមនុស្សយ៉ាងធំបំផុតមួយ នាថ្ងៃទី៣០ មិថុនា ជាថ្ងៃខួបឡើងកាន់តំណែងរបស់លោក ។ ពួកសកម្មជននៃក្រុម TAMAROD ដែលអះអាងថា បានប្រមូលហត្ថលេខារបស់មនុស្សដល់ទៅ១៥លាននាក់ ស្នើឱ្យមានការបោះឆ្នោតប្រធានាធិបតី មុនកាលកំណត់មួយ ញ៉ាំងឱ្យមានការព្រួយបារម្ភចំពោះការផ្ទុះអំពើហិង្សាថ្មីៗ ក្នុងប្រទេស ដោយពួកអ្នកក្រុងភាគច្រើនបានទិញស្បៀងស្តុកទុក ៕
ចែករំលែកព័តមាននេះ