ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ មិថុនា នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ចំណុចខាងលិចមន្ទីរពេទ្យខេត្តចម្ងាយប្រមាណ២០០ម៉ែត្រ ក្នុងភូមិរំលោងប្រឃ្លះ ក្នុងសង្កាត់សុពណ៌ទេព ក្រុងច្បារមន ដោយរថយន្តតូពិក២គ្រឿងបុកគ្នាបណ្តាលឱ្យខូចខាតទាំងសងខាងធ្ងន់ធ្ងរ និងមនុស្ស៤នាក់រងរបួសធ្ងន់ ។
មន្ត្រីប៉ូលិសចរាចរខេត្តឱ្យដឹងថា មុនពេលកើតហេតុរថយន្តមួយគ្រឿងម៉ាកតូពិក ពណ៌ស្វាយ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-1311 ជិះគ្នា៣នាក់បើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ហើយមកដល់ចំណុចខាងលើ ក៏ជ្រុលចង្កូតបុករថយន្តមួយគ្រឿងទៀតម៉ាកតូពិកដូចគ្នា ពណ៌ផ្ទៃមេឃ គ្មានស្លាកលេខ បើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើត បណ្តាលឱ្យអ្នកបើកបររងគ្រោះធ្ងន់ធ្ងរ ត្រូវដឹកទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ក្រោយពីគាស់ទាញចេញពីកាប៊ីនរថយន្តប្រមាណជាកន្លះម៉ោង ។
អ្នកជិះក្នុងរថយន្តតូពិក ពាក់ស្លាកលេខកំពង់ស្ពឺ 2A-1311 រងរបួសធ្ងន់ទាំង៣នាក់ ១-ឈ្មោះ ថុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ២-លឿង វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចម្ការដូង សង្កាត់-ក្រុងច្បារមន ៣-ឈ្មោះ អូន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំស្គុះ ស្រុកសំរោងទង ។ បច្ចុប្បន្នអ្នករងរបួសធ្ងន់ធ្ងរទាំង៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឯរថយន្តទាំង២គ្រឿងរងការខូចខាតទាំងស្រុង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ