ខេត្តមណ្ឌលគិរី ៖ ទោះបីជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទអនុវត្តឱ្យមានប្រសិទ្ធភាពចំពោះការរឹតបន្តឹងការដឹកឈើប្រណីតយ៉ាងណាក៏ដោយ ក៏ការដឹកឈើប្រណីតនៅក្នុងស្រុកកែវសីមា នៅតែមានសកម្មភាពគគ្រឹកគគ្រេង ហាក់ដូចជាផ្គើនមិនខ្លាចរអាអ្វីសោះឡើយ ។
ជាក់ស្តែង កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៤ មិថុនា ២០១៣ រថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ស្ករ អត់មានស្លាកលេខ ដឹកឈើប្រណីតពេញ បានបើកចេញពីតំបន់អភិរក្សជីវចម្រុះស្រុកកែវសីមា ឆ្លងកាត់ស្រុកកែវសីមា និងស្រុកអូររាំង ដឹកជញ្ជូនចូលក្នុងផ្ទះមួយដែលគេស្គាល់ថាជាអតីតមន្ត្រីកងរាជអាវុធហត្ថស្រុក ។ ការដឹកជញ្ជូននេះក៏បានរំលងភ្នែកសមត្ថកិច្ចដែលដាក់ក្បាលរថយន្តចាំយកលុយតាមដងផ្លូវយ៉ាងអនាធិបតេយ្យផងដែរ ។
មានការកត់សម្គាល់ថា មុនពេលដឹកឈើប្រណីតយកទៅស្តុកទុកនៅផ្ទះនោះ រថយន្តបានបើកឆ្លងកាត់ស្នាក់ការជាច្រើនដូចជា ស្នាក់ការអភិរក្សជីវចម្រុះស្រុកកែវសីមា អធិការដ្ឋាននគរស្រុកកែវសីមា បញ្ជាការដ្ឋានសឹករងកែវសីមា បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា និងស្នាក់ការការពារសន្តិសុខ៧៦១ ប៉ុន្តែការដឹកជញ្ជូនបានធ្វើដោយរលូន និងមិនរំខានដល់សមត្ថកិច្ចឡើយ ។
លើសពីនេះទៀត នៅពេលអ្នកសារព័ត៌មានព្យាយាមប្រមាញ់ថតរូប ស្រាប់តែមានមេឈ្មួញកាងឈើចេញមកបញ្ជាកូនចៅ៧នាក់ឱ្យមកស្ទាក់រថយន្ត ហើយជជីកសួរ ដែលសកម្មភាពនេះហាក់ដូចជាគំរាមដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មានផងដែរ ។ ការចេញមុខគំរាមដោយប្រើច្បាប់ព្រៃបែបនេះមានតែក្រុមជនទុច្ចរិតទេដែលភ័យខ្លាច ព្រោះថាបើមាសសុទ្ធមិនខ្លាចភ្លើងឡើយ ៕
ចែករំលែកព័តមាននេះ