នារីជាសកម្មជនអឺរ៉ុប៣នាក់របស់ក្រុមនារី FEMEN ដែលជាប់ឃុំឃាំងនៅប្រទេសទុយនីស៊ី ចាប់តាំងពីមួយខែមកហើយពីបទធ្វើសកម្មភាពដោះអាវទុកដោះកណ្តាលវាលនៅទីក្រុងទុយនីសនោះ ទទួលបានសេរីភាពវិញហើយ កាលពីយប់ថ្ងៃទី២៦ មក ២៧ មិថុនា ប៉ុន្មានម៉ោងក្រោយពីការកាត់ក្តីនៅសាលាឧទ្ធរណ៍ឱ្យជាប់គុកជាមួយការព្យួរទោសមក ។
នារីក្រុម FEMEN ទាំង៣នាក់នោះដែលមានជនជាតិបារាំង២នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់ បានចេញពីពន្ធនាគារសម្រាប់នារីម៉ានូបាមុនពាក់កណ្តាលអធ្រាត្របន្តិច ជិះរថយន្តប៉ូលិសមួយគ្រឿង ។ ក្រោយមកពួកនាងទៅកាន់ក្រសួងមហាផ្ទៃរយៈពេលខ្លីមួយដើម្បីបំពេញរាល់បែបបទរួច ពួកនាងត្រូវបានគេដឹកទៅកាន់ព្រលានយន្តហោះអន្តរជាតិក្រុងទុយនីស ហើយសម្រាកទីនោះពេលយប់ មុនចេញដំណើរមកកាន់អឺរ៉ុបវិញនាព្រឹកថ្ងៃទី២៧ មិថុនា ។
នារីសកម្មជនក្រុម FEMEN ទាំង៣នាក់នោះត្រូវជាប់ឃុំឃាំងនៅជាយក្រុងទុយនីសចាប់តាំងពីថ្ងៃទី២៩ ឧសភា មកហើយសកម្មភាពព្រលែងដោះកណ្តាលវាលរបស់ពួកគេ ជាការសម្តែងការគាំទ្រដល់នាង អាមីណា ជានារីសកម្មជនទុយនីស៊ីរបស់ក្រុម FEMEN ដែលជាប់ឃុំឃាំងតាំងពីពាក់កណ្តាលខែឧសភាមក ។
ពេលកាត់ទោសនៅសាលាដំបូង នារីអឺរ៉ុបទាំង៣នាក់នោះត្រូវទទួលទោសជាប់គុក៤ខែ និង១ថ្ងៃ ពីបទធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់ ល្អ និងសេចក្តីថ្លែថ្នូររបស់ទុយនីស៊ី ៕
ចែករំលែកព័តមាននេះ