ក្រោយការបោះឆ្នោតសម្តែងការមិនទុកចិត្តកាលពីថ្ងៃទី២៦ មិថុនា ក្នុងផ្ទៃនៃគណបក្សការងារដែលកាន់អំណាច នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី JULIA GILLARD បានសុំលាលែង ហើយតំណែងនេះត្រូវស្នងដោយគូប្រជែងដ៏ខ្លាំងរបស់លោកស្រី គឺអតីតនាយករដ្ឋមន្ត្រី លោក KEVIN RUDD ខណៈសល់ពេលប៉ុន្មានសប្តាហ៍ទៀតដល់ការបោះឆ្នោតសភា ។
ការបោះឆ្នោតក្នុងផ្ទៃគណបក្សការងារ លោកស្រី GILLARD ទទួលសំឡេងបានត្រឹមតែ៤៥ទល់នឹង៥៧សំឡេងគាំទ្រលោក RUDD ជាអតីតនាយករដ្ឋមន្ត្រី ដែលលោកស្រី GILLARD រុញលោកចេញកាលពី៣ឆ្នាំមុននេះ។លោកស្រី GILLARD អាយុ៥១ឆ្នាំ ជានារីដំបូងគេធ្វើជានាយករដ្ឋមន្ត្រីក្នុងប្រវត្តិសាស្ត្រអូស្ត្រាលីធ្លាប់ប្រកាសមុនការបោះឆ្នោតនេះបន្តិចថា លោកស្រីនឹងចាកចេញពីនយោបាយ ប្រសិនបើលោកស្រីចាញ់ ។
លោកស្រីបានជួបកាលពីល្ងាចថ្ងៃទី២៦ មិថុនា ជាមួយអគ្គេទសាភិបាល លោក QUENTIN BRYCE តំណាងរបស់ព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២របស់ចក្រភពអង់គ្លេស ប្រមុខរដ្ឋអូស្ត្រាលី ដើម្បីដាក់ពាក្យសុំលាលែង ហើយស្នើឱ្យលោក KEVIN RUDD អាយុ៥៥ឆ្នាំ វិលមកកាន់តំណែងប្រមុខរដ្ឋាភិបាលវិញ ៕
ចែករំលែកព័តមាននេះ