រាជធានីភ្នំពេញ ៖ រថយន្ត Range Rover Min ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-6990 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងបានរេចង្កូតបុករះមុខផ្ទះ២ល្វែង ធ្វើឱ្យខូចខាត និងបុកបាក់ដើមក្រខុប២ដើម ហើយរថយន្តព្យាយាមបើករត់គេចដល់មុខសាលាខណ្ឌឫស្សីកែវ ក៏ដាច់កាឡេមុខខាងឆ្វេង ទៅលែងរួច ត្រូវសមត្ថកិច្ចឃាត់បាន ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ មិថុនា លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីនគរបាលចរាចរខណ្ឌឫស្សីកែវបានឱ្យដឹងថា មុនពេលកើតហេតុរថយន្ត Range Rover Min បើកបោះពួយលឿនស្លេវក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើជាផ្លូវកោង ក៏រេចង្កូតជ្រុលទៅបុករះមុខផ្ទះប្រជាពលរដ្ឋ២ល្វែងជាប់គ្នា ក្នុងនោះល្វែងទីមួយជាផ្ទះលក់អីវ៉ាន់ចាប់ហួយ ធ្វើឱ្យខូចខាត និងល្វែងទី២បុកបែកប្រអប់ទ្វារ បាក់ដើមក្រខុប២ដើម ប៉ុន្តែមិនបង្កឱ្យមានអ្នករងរបួសទេ ។
ក្រោយពេលកើតហេតុរថយន្តព្យាយាមបើករត់គេចទៅដល់មុខសាលាខណ្ឌឫស្សីកែវ ស្រាប់តែដាច់កាឡេមុខខាងឆ្វេងទៅលែងរួច ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ។ អ្នកបើកបររថយន្តបានទូរស័ព្ទហៅសាច់ញាតិមកធ្វើការសងសំណងទៅដល់ម្ចាស់ផ្ទះទាំង២ល្វែង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕
ចែករំលែកព័តមាននេះ