ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីត្រូវជនមិនស្គាល់មុខលួចកាប់ជាច្រើនកាំបិតចិតត្នោត កាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី២៤ មិថុនា នៅក្នុងតៀមលក់ដូរមួយកន្លែងស្ថិតក្នុងភូមិអូររោង ឃុំជ្រៃបាក់់ ស្រុករលាប្អៀរ ។
លោកអធិការនគរបាលស្រុករលាប្អៀរបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ហេង ថេន អាយុ២៦ឆ្នាំ ជាកសិករ រស់នៅភូមិព្រៃលាក់នាង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានប្រពន្ធឈ្មោះ ចាន់ សុភា អាយុ២៨ មានកូន២នាក់ ជាកម្មការិនីរោងចក្រកាត់ដេរ ។ លោកបានបន្តថា បើទោះបីពេលនេះមិនស្គាល់ជនដៃដល់ក៏ពិតមែន ប៉ុន្តែគេបានដាក់ការសង្ស័យលើឈ្មោះ ទុយ ឌីយ៉ាម៉ង់ អាយុ២៦ឆ្នាំ រស់នៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលពេលនេះកំពុងរត់គេចខ្លួន ។
បុរសរងគ្រោះនិយាយថា ក្នុងពេលកើតហេតុ រូបគាត់កំពុងផឹកស្រាបៀរជុំគ្នាជាមួយមិត្តភក្តិ២នាក់ទៀតនៅក្នុងតៀមលក់ដូរ ស្រាប់តែជនល្មើសដើរមកពីក្រោយខ្នងទាញកាំបិតចិតត្នោតកាប់មកលើក្បាលគាត់តែម្តង បណ្តាលឱ្យរងរបួសធ្ងន់លើក្បាលចំនួន៦កាំបិត និងស្មាខាងឆ្វេង១កាំបិត ។
បុរសរងគ្រោះបន្តទៀតថា ជនល្មើសរូបនោះគាត់មិនដែលស្គាល់គ្នាពីមុនមកទេ ហើយក៏ពុំដែលមានគំនុំអ្វីពីមុនមកដែរ ។ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានឱ្យដឹងថា ក្រោយពេលកើតហេតុ ជនល្មើសបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន ។ ក្នុងករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ