រាជធានីភ្នំពេញ ៖ រនាំងដែកចែកផ្លូវដែលមានទីតាំងស្ថិតនៅមុខក្រុមហ៊ុនទូរស័ព្ទដៃ Mobitel ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បានបាក់ទ្រេតអស់៦ផ្ទាំង ដោយសារបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកពេញទំហឹង កាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ មិថុនា ។
សាក្សីនិយាយថា មុនពេលកើតហេតុរថយន្តមា៉កហាយឡែនឌ័រ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់តាមបណ្តោយវិថីព្រះសីហនុពីលិចទៅកើត ក្នុងល្បឿនយា៉ងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារអ្នកបើកបរស្រវឹងខ្លាំងពេក ក៏រេចង្កូតទៅខាងឆ្វេងដៃបុករះរនាំងដែកចែកទ្រូងផ្លូវទាំងកំរោល បាក់អស់៦ផ្ទាំង ហើយរថយន្តបានព្យាយាមបើករត់គេចរហូតដល់ចំណុចផ្លូវលេខ២៨២ ទើបសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកេងកងទី១ស្ទាក់ចាប់បាន ។
ក្រោយពេលកើតហេតុ រថយន្តរួមទាំងអ្នកបើកបរ ត្រូវសមត្ថកិច្ចជំនាញនាំយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារអ្នកបើកបរធ្វើដំណើរក្នុងល្បឿនលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ៕
ចែករំលែកព័តមាននេះ