រាជធានីភ្នំពេញ ៖ បុរស ៣នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលម៉ូតូឌ្រីម ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-6300 ជិះគ្នា ២នាក់ ទើបចេញពីហាងផឹកស៊ីធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខភោជនីយដ្ឋានសម្រស់ទឹកឈូ ម៉ូតូបានបត់ត្រឡប់ក្រោយក៏ជ្រុលទៅបុកម៉ូតូសង់C100 ១គ្រឿង ពណ៌ខ្មៅ អត់មានស្លាកលេខ ជិះម្នាក់ឯងក្នុងល្បឿនលឿនដូចគ្នា បណ្តាលឱ្យបុរស ២នាក់ រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី២៦ មិថុនា ២០១៣ ចំណុចមុខភោជនីយដ្ឋានសម្រស់ទឹកឈូ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជន ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវសមត្ថកិច្ចធ្វើការវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ