ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា បានមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពការធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧៦ ពីស្មួលខេត្តក្រចេះ ឆ្ពោះទៅខេត្តមណ្ឌលគិរី ជាពិសេសនៅចំណុចភូមិអូររណា ឃុំអូរអាម ស្រុកកែវសីមា ខណៈដែលកម្លាំងចម្រុះរបស់អភិរក្សជីវៈចម្រុះសីមា បានដាក់បារ៉ាស់អមសងខាងផ្លូវ និងរាយច្រវាក់ដែកគោល ដើម្បីកាក់ឡានដឹកឈើដែលធ្វើសកម្មភាពដឹកជញ្ជូនពេលយប់ ។
ទោះបីជាការច្រវាក់ដែកគោល ដើម្បីកាក់ឡានដឹកឈើនេះ ជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការឃាត់រថយន្តដឹកឈើទាំងនោះក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងនេះ វាក៏បានធ្វើឱ្យប្រជាពលរដ្ឋមានការបារម្ភពីសុវត្ថិភាពការធ្វើដំណើរនាពេលយប់របស់ពួកគាត់ផងដែរ ខណៈពេលមកដល់ចំណុចខាងលើ ប្រសិនជាប្រជាពលរដ្ឋមួយចំនួនពុំបានដឹងពីការដាក់ច្រវាក់ដែកគោលនេះទេ វាអាចបង្កគ្រោះថ្នាក់ដល់ពួកគាត់ជាក់ជាមិនខាន ។
ដូច្នេះ ប្រជាពលរដ្ឋស្រុកកែវសីមា បានសំណូមពរដល់អាជ្ញាធរខេត្ត សូមមេត្តាជួយតាស់តឿនដល់កម្លាំងចម្រុះរបស់អភិរក្សជីវៈចម្រុះសីមា ក៏ដូចជាសម្រួលដល់ការងារនេះ ប្រយោជន៍ដើម្បីសុវត្ថិភាពការធ្វើដំណើរទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ