ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិត​​ចំហរ​​របស់​និស្សិត​​សាកល​​វិទ្យា​​ល័យ​​អន្តរ​​ជាតិ​​ IU

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ក្រោ​យ​ពី​​ធ្វើ​កូដ​កម្ម​​ទាម​ទារ​​ឱ្យ​​ប្រឡង​បញ្ចប់​ការ​សិក្សា​​មិន​បាន​​សម្រេច​​នា​ពេល​កន្លង​មក កាល​ពី​​ថ្ងៃ​ទី​២៥ មិថុនា និស្សិត​ថ្នាក់​​វេជ្ជ​បណ្ឌិត​​ជំនាន់​ទី​៦ និង​ទី​៧ ​នៃ​សាកល​វិទ្យា​អន្តរ​ជាតិ​​(IU)​ចំនួន​​៧៨៤​នាក់​ បាន​សរសេរ​​លិខិត​មួយ​ ដើម្បី​​សុំ​ក្តី​​អនុ​គ្រោះ​​ និង​ការ​អន្តរា​គមន៍​ពី​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ហ៊ុន​សែន ​ដែល​មាន​​ខ្លឹម​សារ​​​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

​​រាជ​ធានី​ភ្នំ​ពេញ ៖ ក្រោ​យ​ពី​​ធ្វើ​កូដ​កម្ម​​ទាម​ទារ​​ឱ្យ​​ប្រឡង​បញ្ចប់​ការ​សិក្សា​​មិន​បាន​​សម្រេច​​នា​ពេល​កន្លង​មក កាល​ពី​​ថ្ងៃ​ទី​២៥ មិថុនា និស្សិត​ថ្នាក់​​វេជ្ជ​បណ្ឌិត​​ជំនាន់​ទី​៦ និង​ទី​៧ ​នៃ​សាកល​វិទ្យា​អន្តរ​ជាតិ​​(IU)​ចំនួន​​៧៨៤​នាក់​ បាន​សរសេរ​​លិខិត​មួយ​ ដើម្បី​​សុំ​ក្តី​​អនុ​គ្រោះ​​ និង​ការ​អន្តរា​គមន៍​ពី​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ហ៊ុន​សែន ​ដែល​មាន​​ខ្លឹម​សារ​​​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

យើង​ខ្ញុំ​ទាំង​​​៧៨៤​​នាក់​ជា​និស្សិត​​​ថ្នាក់​​វេជ្ជ​បណ្ឌិត​​ជំនាន់​ទី​៦​និង​ទី​៧ នៃសាកល​វិទ្យា​ល័យ​អន្តរ​ជាតិ​ សរសេរ​អត្ថ​បទ​​នេះ​​ដើម្បី​​ឱ្យ​សាធារណ​ជន​​បា​ន​ដឹង​​អំពី​ហេតុ​​ផល​​ថា ហេតុ​អ្វី​​បាន​ជា​​យើង​​ខ្ញុំ​ទាំង​អស់​​គ្នា​​ប្រឹង​​ធ្វើ​ការ​ទាម​ទារ​​សុំ​ការ​​អនុ​គ្រោះ​​ដើម្បី​ប្រឡង​​បញ្ចប់​ការ​សិក្សា​ថ្នាក់​​វេជ្ជ​បណ្ឌិត​​ដែល​មានរយៈ​ពេល​៦​ឆ្នាំ​​ តាម​រយៈ​​ការ​ធ្វើ​កូដ​កម្ម​ដែល​អ្នក​ចេះ​​ដឹង​ដូច​ជា​យើង​ខ្ញុំ​​មិន​គួរ​ធ្វើ​។

​យើង​​ខ្ញុំ​ទាំង​អស់​​គ្នា​​​​បាន​ចូល​រៀន​​នៅ​ឆ្នាំ​២០០៥ និង​​ឆ្នាំ​២០០៦ ដែល​កម្មវិធី​​សិក្សា​​ថ្នាក់​វេជ្ជ​បណ្ឌិត​​យោង​តាម​អនុ​ក្រឹត្យ​​​លេខ​១២២​​អន​ក្រ​.​បក គឺ​​ការ​សិក្សា​​ក្នុង​រយៈពេល​៦​ឆ្នាំ ដោយ​ប្រឡង​​បញ្ចប់​​កម្ម​​វិធី​សិក្សា​​ និង​សរសេរ​និក្ខេប​បទ​បញ្ចប់​​ ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យា​​ល័យ។ ជាក់​ស្តែង​​និស្សិត​​ជំនាន់​ទី​១​ដល់​ជំនាន់​ទី​៥​ សុទ្ធ​តែ​ទទួល​បាន​ការ​​អនុវត្ត​នូវ​គោល​ការណ៍​ទាំង​នេះ ។

រហូត​​មក​ដល់​​ពេល​នេះ​​ ​​យើង​​ខ្ញុំ​ទាំង​​៧៨៤​នាក់​​​បាន​បញ្ចប់​កា​រ​សិក្សា​តាម​កម្ម​វិធី​សិក្សា​រយៈ​ពេល​៦​ឆ្នាំ ស្រប​តាម​អនុក្រឹត្យ​​​លេខ​១២២​អន​ក្រ​.​បក និង​បាន​រង​់​ចាំ​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​​អស់​រយៈ​ពេល​​ជាង​​១​ឆ្នាំ​​មក​ហើយ ។ ដោយ​ការ​រង់​ចាំ​នេះ​មាន​រយៈ​ពេល​យូរ​ពេក​ និស្សិត​​​ទាំង​អស់​​បាន​នាំ​គ្នា​​មក​សាក​សួរ​​សាកល​វិទ្យា​​​ល័យ​​ពី​មូល​ហេតុ​​ ទើប​ដឹង​​ថា ក្រសួង​​សុខា​ភិបាល​​តម្រូវ​ឱ្យ​​និស្សិត​​ជំនាន់​​ទី​៦​​និង​​ទី​៧​យើង​ខ្ញុំ​​អនុវត្ត​​តាម​​កម្ម​វិធី​សិក្សា​​រយៈ​ពេល​៨​ឆ្នាំ​ទៅ​វិញ (យោង​តាម​អនុ​ក្រឹត្យ​​លេខ​២១​អន​ក្រ.​បក និង​សជណ​លេខ​១០៧១​) ដែល​បាន​អនុ​ម័ត​​នៅ​ឆ្នាំ​២០០៧ ​ក្រោយ​ពេល​ដែល​​ក្រុម​និស្សិត​​ជំនាន់​ទី​៦​និង​ទី​៧​​​យើង​ខ្ញុំ​បាន​ចូល​រៀន​​រយៈ​ពេល​១-២​ឆ្នាំ​រួច​ទៅ​ហើយ ។

​សជណ​លេខ​១០៧១​ បាន​​អនុញ្ញាត​​ឱ្យ​និស្សិត​​ឆ្នាំ​ទី​៤​​​ ទី​៥​​ និង​ទី​៦ នៃ​​ឆ្នាំ​សិក្សា​២០០៧​-​២០០៨ បន្ត​ការ​សិក្សា​​តាម​កម្ម​វិធី​​សិក្សា​​នៃ​អនុ​ក្រឹត្យ​លេខ​១២២​អន​ក្រ.បក ដែល​កម្មវ​ិធី​សិក្សា​​នេះ​មាន​រយៈ​ពេល​​៦​ឆ្នាំ និង​តម្រូវ​ឱ្យ​​និស្សិត​​ឆ្នាំ​ទី​២​ ទី​៣ នៃ​​ឆ្នាំ​សិក្សា​២០០៧​-​២០០៨ អនុវត្ត​តាម​កម្មវិធី​សិក្សា​​នៃ​អនុ​ក្រឹត្យ​​លេខ​២១​អន​ក្រ​​.បក​ ដែល​កម្ម​វិធី​សិក្សា​​​​មាន​រយៈ​ពេល​៨​ឆ្នាំ​​ទៅ​វិញ ។ ប៉ុន្តែ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ដែល​បាន​ចូល​សិក្សា​​តាំង​ពី​ឆ្នាំ​២០០៥​ ​និង​ឆ្នាំ​២០០៦​​​ ពុំ​ធ្លាប់​​បាន​ទទួល​​ដំណឹង​​​ពី​​សាកល​វិទ្យា​ល័យ​ថា ​នឹង​ត្រូវ​​អនុ​វត្ត​កម្ម​វិធី​សិក្សា​​រយៈ​ពេល​​៨​ឆ្នាំ​​នោះ​ទេ ។ ម៉្យាង​ទៀត​​បន្ទាប់​ពី​​បញ្ចប់​​ការ​សិក្សា​​រយៈ​ពេល​​៦​ឆ្នាំ​​ សាកល​វិទ្យា​ល័យ​បាន​ឱ្យ​និស្សិត​រង់​ចាំ​ការ​ប្រឡង​​រហូត​ដល់​​ជាង​១​ឆ្នាំ​​នេះ​ បញ្ជាក់​ថា កម្ម​វិធី​​​សិក្សា​ដែល​​យើង​ខ្ញុំ​​បានបញ្ចប់​​នេះ ​គឺ​យោង​តាម​​អនុ​ក្រឹត្យ​​លេខ​១២២​អន​ក្រ.បក ដែល​កម្ម​វិធី​សិក្សា​​រយៈ​ពេល​​៦​ឆ្នាំ ។

ប្រសិន​បើ​សាកល​វិទ្យា​ល័យ​បាន​​ប្រាប់​និស្សិត​​តាំង​ពី​ដំបូង​ថា ត្រូវ​រៀន​​រហូត​ដល់​៨​ឆ្នាំ​​​ យើង​ខ្ញុំ​​ជា​និស្សិត​​មួយ​ចំនួន​​ដែល​នឹង​ហួស​អាយុ​ប្រឡង​​ចូល​បម្រើ​ការ​ងារ​រដ្ឋ​(កំណត់​​ត្រឹម​អាយុ​៣០​ឆ្នាំ​) នឹង​ផ្លាស់​ប្តូរ​​​ទៅ​រៀន​​មុខ​វិជ្ជា​​ផ្សេង​ដែល​​ការ​ចំណាយ​ថវិកា​ និង​ពេល​វេលា​តិច​ជាង​។ ផែន​ការ​នៃ​ជីវិត​​ដែល​​សង្ឃឹម​ថា អាច​ប្រឡង​​ចូល​បម្រើ​ការងារ​រដ្ឋ​ដើម្បី​​ជួយ​ដល់​សង្គម​ជាតិ​​ សង្គម​​គ្រួសារ​ និង​​​ផែន​ការ​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​អាក់​ខាន ។

បន្ទាប់​ពី​​ការ​ទាម​ទារ​​ដោយ​ធ្វើ​កូដកម្ម​​កន្លង​មក យើង​ខ្ញុំ​ទាំង​អស់គ្នា​​មាន​ការ​ងឿង​ឆ្ងល់​​ថា តើ​សាកល​វិទ្យា​ល័យ​ និង​ស្ថាប័ន​​​ពាក់​ព័ន្ធ​​ហាក់​មិន​មាន​​ចេត​នា​​ផ្តល់​​​នូវ​យុត្តិធម៌​​ដល់​យើង​ខ្ញុំ​ទាំង​អស់គ្នា​ និង​ថែម​ទាំង​​អាច​កេ​ង​ចំណេញ​​ផល​ប្រយោជន៍​​ថែម​ទៀត​ផង ប្រសិន​បើ​​និស្សិត​ព្រម​ទទួល​​អនុវត្ត​តាម​​កម្មវិធី​សិក្សា​រយៈ​ពេល​៨​ឆ្នាំ ។
យើង​ខ្ញុំ​​ជានិស្សិត​​នៃ​សាកល​វិទ្យា​ល័យ​អន្តរ​ជាតិ​​ ថ្នាក់​​េវជ្ជ​បណ្ឌិត​​ ជំនាន់​ទី​​៦ និង​ទី​៧ សរុប​ចំនួន​៧៨៤​នាក់​ ស្នើ​​សុំ​ការ​​អនុគ្រោះ​​ដ៏​ខ្ពង់​ខ្ពស់​​ពី​សម្តេច​តេជោ​ ហ៊ុន សែន និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ហ៊ុន​សែន ​ដើម្បី​ឱ្យ​យើង​ខ្ញុំ​​ដែល​ជា​និស្សិត​​​ជំនាន់​ទី​៦​ និង​ទី​៧ នៃ​សាកល​វិទ្យា​​អន្តរ​ជាតិ ដែល​កំពុង​​រង​​​​នូវ​​អយុត្តិធម៌​​នេះ ​អាច​ទទួល​​បាន​នូវ​ការ​ប្រឡង​​បញ្ចប់​ការ​សិក្សា​​ និង​សរសេរ​​និក្ខេប​បទ​​បញ្ចប់ ថ្នាក់​​វេជ្ជ​បណ្ឌិត​ ដែល​រៀប​ចំ​​ដោយ​សាកល​​វិទ្យា​ល័យ​​ ​៕