ខេត្តស្ទឹងត្រែង ៖ រថយន្តវីហ្គោមួយគ្រឿងបានរងការខូចខាតយ៉ាងដំណំ ដោយឧប្បត្តិហេតុក្រឡាប់ជាច្រើនត្រឡប់ នៅលើផ្លូវជាតិលេខ៧អា ត្រង់ចំណុចគីឡូម៉ែត្រលេខ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៥
មិថុនា ។ ការក្រឡាប់រថយន្តនេះមិនបណ្ដាលឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេងទេ គ្រាន់តែមនុស្សនៅក្នុងរថយន្តរងរបួសស្រាល ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ុណ្ណោះ ។
សាក្សីនៅកន្លែងកើតហេតុនិយាយថា មូលហេតុកើតឧប្បត្តិហេតុ ដោយសាររថយន្តវីហ្គោបើកក្នុងល្បឿនលឿនល្មម លុះដល់ចំណុចកើតហេតុបានវ៉ាម៉ូតូ១គ្រឿងធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង ខណៈនោះមានរថយន្តមួយគ្រឿងទៀងធ្វើដំណើរមកបញ្ច្រាសគ្នាធ្វើឱ្យរថយន្តវីហ្គោទាញចង្កូតគេចចូលមកចំណែកផ្លូវវិញទាំងបង្ខំបណ្ដាលឱ្យបោកក្រឡាប់ពេញផ្លូវតែម្ដង ។ ពេលនោះឃើញមនុស្សប្រុសម្នាក់លូនចេញពីក្នុងរថយន្ត ចំណែកស្ត្រីម្នាក់ទៀតកៀបជាប់ក្នុងរថយន្តបានប្រជាពលរដ្ឋជួយគាស់យកចេញហើយទំនាក់ទំនងទៅនគរបាលដើម្បីដឹកអ្នករបួសទៅសង្គ្រោះ ។
នគរបាលចរាចរផ្លូវគោកនៃស្នងការនគរបាលខេត្តបានឱ្យដេងថា បុរសរងគ្រោះជាអ្នកបើកបរឈ្មោះឡៅ អីុ អាយុ៤៩ឆ្នាំ ជាជនជាតិចិនជាបុគ្គលិក ផ្នែកគណនេយ្យរបស់ក្រុមហ៊ុនចិនប្រចាំឃុំតាឡាត ស្រុកសេសាន និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរឈ្មោះឈឹង ដានេ អាយុ៣១ឆ្នាំ ជាចុងភៅនៅក្រុមហ៊ុនស្នាក់នៅភូមិស្ពានថ្ម សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។ រថយន្តម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២Q-០២៨៦ ជារបស់ក្រុមហ៊ុនចិន ប្រចាំភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ត្រូវនគរបាលជំនាញស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ៕
ចែករំលែកព័តមាននេះ