កូរ៉េខាងត្បូងបានសម្រេចចិត្តបំបែកទ្រព្យសកម្មក្រុមហ៊ុន Woori Finance Holding ជា៣ក្រុមនៅក្នុងកិច្ចប្រឹងប្រែងលើកទី៤ របស់ខ្លួន ដើម្បីលក់ភាគហ៊ុនធំៗរបស់ក្រុមហ៊ុននៅក្នុងក្រុម ធនាគារធំបំផុតក្នុងប្រទេស ។ នេះបើយោងតាមនិយតករដែលបាននិយាយកាលពីថ្ងៃពុធ ។
គណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុ (FSC) និយាយថា ការលក់នេះនឹងចាប់ផ្តើមជាមួយធនាគារក្នុងតំបន់ចំនួន២ បន្ទាប់មកអង្គភាពកម្រៃជើងសារ និងសាខាដែលពាក់ព័ន្ធ ហើយចុងក្រោយធនាគារ Woori ។ វិធានការក្រុមហ៊ុនធ្វើលើកនេះ គឺបន្តកិច្ចខិតខំកាលពីលើកមុនដើម្បីលក់ទ្រព្យសកម្មជាចំណែកតូចៗ ប៉ុន្តែកិច្ចប្រឹងប្រែងនោះបរាជ័យមិនអាចធ្វើទៅបាន ដោយសារខ្វះការប្រាក់ ។ ប្រសិនបើភាគហ៊ុន៥៧% របស់រដ្ឋាភិបាលនៅក្នុងក្រុមហ៊ុនត្រូវបានលក់ទៅជាកិច្ចព្រមព្រៀងតែមួយ នោះក្រុមហ៊ុននឹងបានថ្លៃ៤,៥លានលានវ៉ុន ឬ៣,៩ពាន់លានដុល្លារ នេះបើផ្អែកលើតម្លៃភាគហ៊ុនដែលបានបិទកាលពីថ្ងៃអង្គារ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Woori Finance Holding ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១ ជាក្រុមហ៊ុនហូលឌីង (កាន់កាប់ជាង៥០% នៃភាគហ៊ុនក្នុងក្រុមហ៊ុនមួយទៀត) បន្ទាប់ពីរដ្ឋាភិបាលផ្តល់ថវិកាសង្គ្រោះក្រុមហ៊ុនហិរញ្ញវត្ថុ៥ ចំពេលដែលកើតមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧-១៩៩៨ ៕
ចែករំលែកព័តមាននេះ