រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរ និងបុរសម្នាក់របួសស្រាលដោយសារពួកគេជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមផ្លូវ ហើយខណៈនោះមានម៉ូតូមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿនទៅដល់បានកៀរទាំងកំរោល បណ្តាលឱ្យដួលបោកទៅលើថ្នល់ពេញទំហឹង ។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២៦ មិថុនា នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចជិតភ្លើងស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពាច អាយុជាង៦០ឆ្នាំ មានលំនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ស្ត្រីរូបនោះជិះម៉ូតូឌុបម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1G-2366 បើកបរដោយបុរសម្នាក់ឈ្មោះ នួន បូរិន្ទ អាយុ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានលំនៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ឯម៉ូតូបង្កបានបើករត់បាត់ស្រមោល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿងបានបើកបរស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើត ដោយម៉ូតូរងគ្រោះបានបើកបរខាងមុខ ។ លុះពេលទៅដល់ចំណុចកើតហេតុ ម៉ូតូបង្កបានបើកវ៉ារថយន្តមួយគ្រឿងដែលកំពុងបើកខាងមុខ ហើយក៏កៀរម៉ូតូមួយទៀតបណ្តាលឱ្យដួលបោកទៅលើថ្នល់ ធ្វើឱ្យរងរបួស ។ក្រោយពេលកើតហេតុ ម៉ូតូបង្កបានជិះរត់គេចបាត់ ចំណែកជនរងគ្រោះត្រូវក្រុមសង្គ្រោះ៧១១ របស់មន្ទីរពេទ្យកងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ក្នុងករណីនេះសមត្ថកិច្ចមិនបានវាស់វែងទេ ព្រោះគ្មានការប្តឹងប្តល់ ៕
ចែករំលែកព័តមាននេះ