ឧទ្ធម្ភាគចក្រជួយសង្គ្រោះមួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីរសៀលថ្ងៃទី២៥ មិថុនា នៅរដ្ឋUTTARAKHAND ភាគខាងជើងឥណ្ឌា បណ្តាលឱ្យមនុស្សស្លាប់៨នាក់ ក្នុងនោះមានសមាជិកក្រុមយានិក៥នាក់ និងជនស៊ីវិល៣នាក់ ។
យោងតាមកងទ័ពឥណ្ឌាថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះធុន M-17 V5 នោះដែលទើបនឹងទិញ បានចូលរួមក្នុងការជម្លៀសមនុស្សដែលទឹកព័ទ្ធជាប់នៅរដ្ឋ UTTARAKHAND ដែលកំពុងរងគ្រោះដោយទឹកជំនន់យ៉ាងអាក្រក់បំផុត។ វាបានធ្លាក់ពេលហោះមកពីតំបន់ KEDARNARTH ដែលពុំអាចចេញចូលបានតាមផ្លូវថ្នល់ ។ ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងឧទ្ធម្ភាគចក្រនោះធ្លាក់ ហើយកំពុងស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នោះ ។
កាលពីថ្ងៃទី២៤ មិថុនា កន្លងមកនេះ ឧទ្ធម្ភាគចក្រឯកជនមួយគ្រឿងដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះដែរបានធ្លាក់ ក៏ប៉ុន្តែអ្នកបើកត្រូវបានជួយសង្គ្រោះដោយបុគ្គលិកកងទ័ពអាកាសឥណ្ឌា ៕
ចែករំលែកព័តមាននេះ