រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបើកយុទ្ធនាការចុះស្រាវជ្រាវរកមេរោគរបេងនៅវត្តសំរោងអណ្ដែត កាលពីថ្ងៃទី២៥ មិថុនា កន្លងមកនេះ ដោយបានពិនិត្យប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន៥០០អង្គ/នាក់ ហើយក្នុងថ្ងៃដដែលនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអញ្ជើញចុះពិនិត្យមើលសកម្មភាពចុះស្រាវជ្រាវរកមេរោគរបេងផងដែរ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោក ម៉ៅ តាន់អៀង នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិនថ្លែងថា ឆ្នាំនេះក្រសួងសុខាភិបាលមានផែនការចុះធ្វើការស្រាវជ្រាវរកមេរោគរបេងនៅតាមសហគមន៍ចំនួន២០កន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងពន្ធនាគារចំនួន១២ និងទីអារាមមួយចំនួនទៀត ដើម្បីតាមរកមេរោគរបេងក្នុងចំណោមប្រជាពលរដ្ឋ ព្រះសង្ឃនិងអ្នកទោសផងដែរ ។ នេះជាលើកទីពីរហើយដែលក្រសួងសុខាភិបាលធ្វើសកម្មភាពស្រាវជ្រាវរកមេរោគរបេងនៅតាមទីវត្តអារាម ដែលកាលពីលើកទី១បានធ្វើឡើងនៅវត្តចំពុះក្អែក ។
លោកម៉ៅ តាន់អៀង បញ្ជាក់ថា ឆ្នាំនេះក្រសួងមានផែនការចុះស្រាវរកមេរោគរបេងធំជាងឆ្នាំមុន ដោយមានគម្រោងចុះស្រាវជ្រាវលើមនុស្សចំនួន៤លាននាក់ គិតទាំងប្រជាពលរដ្ឋ និងព្រះសង្ឃ និងអ្នកទោសក្នុងពន្ធនាគារ ។ តាមរយៈសកម្មភាពនេះសង្ឃឹមថា នឹងអាចរកឃើញ មានមេរោគេបងនៅលើមនុស្សចំនួន៤ម៉ឺននាក់ ពីព្រោះតាមរបាយការណ៍បានបង្ហាញឱ្យដឹងថា គ្រាន់តែ៣ខែដើមឆ្នាំ២០១៣នេះក្រសួងបានរកឃើញចំនួនមនុស្សជាងមួយម៉ឺននាក់ហើយដែលមានផ្ទុកមេរោគរបេង ។
ទោះបីជាយ៉ាងនេះក្ដីគេបានកត់សម្គាល់ឃើញថា រយៈពេល១០ឆ្នាំចុងក្រោយនេះ អត្រាស្លាប់ និងអត្រាឈឺដោយសារមេរោគរបេងនៅក្នុងប្រទេសកម្ពុជា មានការចុះថយយ៉ាងខ្លាំងគឺសម្រេចបានតាមផែនការមុនរយៈពេល៤ឆ្នាំ ដែលបានកំណត់ទៅទៀត ។ ដូច្នេះហើយ ទើបកម្មវិធីជាតិកំពុងតែជំរុញបន្ថែមការស្រាវជ្រាវរកមេរោគរបេង ធ្វើយ៉ាងណាឱ្យនៅចុងឆ្នាំ២០១៥ខាងមុខនេះ កម្មវិធីជាតិត្រូវតែសម្រេចឱ្យបានជាស្ថាពរនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍គឺត្រូវកាត់បន្ថយឱ្យបានពាក់កណ្ដាលនូវអត្រាស្លាប់ និងអត្រាឈឺដោយមេរោគរបេង ៕
ចែករំលែកព័តមាននេះ