អយ្យការកូឡុំប៊ី រាយការណ៍កាលពីថ្ងៃទី២៥ មិថុនាថា តុលាការកូឡុំប៊ីបានកាត់ទោសដោយកំបាំងមុខដាក់គុក៤០ឆ្នាំពីបទភេរវកម្មប្រឆាំងមេដឹកនាំកំពូលរបស់ពួកឧទ្ទាមនៃកងកម្លាំងបដិវត្តន៍កូឡុំប៊ី FARC ព្រមទាំងតំណាងរបស់ក្រុមឧទ្ទាមនេះសម្រាប់ការចរចាសន្តិភាពដែលពេលនេះកំពុងធ្វើនៅប្រទេសគុយបា ។
ជនលេខមួយរបស់ពួក FARC លោក ទីមូ៉លឺអុន ហ្សុីមឺណេស និងដៃស្តាំ លោក អុីវ៉ាន ម៉ាកេស ដែលដឹកនាំក្រុមអ្នកចរចារបស់ពួកឧទ្ទាមទទួលការកាត់ទោសពីបទធ្វើការវាយប្រហារមួយបណ្តាលឱ្យមនុស្សស្លាប់៤នាក់ និងរបួស៣០នាក់ ក្នុងខេត្តមឺតា ភាគកណ្តាលប្រទេស ។
ការកាត់ទោសនេះ ត្រូវបានប្រកាសដោយតុលាការក្រុងវីលឡាវី សេនស្យូ ទីប្រជុំជនខេត្ត មឺតា ដែលក៏កាត់ទោសដាក់គុក២០ឆ្នាំដែរប្រឆាំងពួកយុទ្ធជនឧទ្ទាម២០នាក់ទៀតដែលចូលរួមក្នុងការវាយប្រហារនោះ ។ ទោះបីយ៉ាងណា ការកាត់ទោសនេះនឹងពុំមានផលប៉ះពាល់ដល់ការចរចាសន្តិភាព ដែលបើកធ្វើចាប់តាំងពីខែវិច្ឆិកាមកនៅក្រុងឡាហាវ៉ាន រវាងតំណាងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហ្សង់ ម៉ានុយអែល សាន់តូស និងតំណាងរបស់ពួកឧទ្ទាមឡើយ ។
តាំងពីចាប់ផ្តើមដំណើរការសន្តិភាពមក អយ្យការកូឡុំប៊ី បានផ្អាករាល់ដីកាចាប់ខ្លួនប្រឆាំងបណ្តាសមាជិកក្រុមអ្នកចរចារបស់ពួក FARC ក្នុងនោះមានលោក អុីវ៉ាន ម៉ាកេស ដែលធ្លាប់ទទួលការកាត់ទោសជាច្រើនលើកមកហើយ ក៏ដូចជាប្រមុខរបស់ពួកឧទ្ទាមដែលកំពុងរស់នៅក្នុងពិភពអាថ៌កំបាំងដែរ ។ បង្កើតឡើងកាលពីឆ្នាំ១៩៦៤ FARC ជាក្រុមឧទ្ទាម ដ៏ចំណាស់ជាងគេបំផុតនៅអាមេរិកឡាទីន នោះ យោងតាមអាជ្ញាធរថា មានយុទ្ធជនប្រមាណជា៨.០០០នាក់ ដែលស្ថិតនៅតាមបណ្តាតំបន់ជនបទរបស់ប្រទេស ៕
ចែករំលែកព័តមាននេះ