រាជធានីភ្នំពេញ ៖ រថយន្តសង្គ្រោះរបស់មន្ទីរពហុព្យាបាលចោមចៅ ខណៈកំពុងដឹកស្ត្រីរងគ្រោះដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដើម្បីទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ស្រាប់តែរថយន្តហាយឡែនឌ័រ បើកចេញពីវត្តអង្គតាមិញ មកដល់ជ្រុលបុកចំពាក់កណ្តាលរថយន្ត ធ្វើឱ្យរថយន្តសង្គ្រោះខ្ទាតទៅបោកផ្ទប់នឹងរនាំងដែកពុះចែកផ្លូវបណ្តាលឱ្យបាក់អស់៨ផ្ទាំង ហើយរថយន្តហាយឡែនឌ័របើករត់បាត់ ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ មិថុនា នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តសង្គ្រោះរបស់មន្ទីរពហុព្យាបាលចោមចៅមា៉កស្តារិក ពណ៌ស អត់ស្លាកលេខ ដឹកស្ត្រីម្នាក់រងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តាមមហាវិថីសហព័ន្ធរុស្ស៊ីពីលិចទៅកើត ចំណែករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បើកចេញពីផ្លូវវត្តអង្គតាមិញ ពីត្បូងទៅជើង ខ្វែងទិសគ្នា ខណៈមកដល់ចំណុចផ្លូវកែង រថយន្តហាយឡែនឌ័របើកលឿនក៏ជ្រុលទៅបុករថយន្តសង្គ្រោះពេញទំហឹង ធ្វើឱ្យរថយន្តសង្គ្រោះខ្ទាតទៅបោកផ្ទប់រនាំងដែក ចែកផ្លូវបាក់អស់៨ផ្ទាំង ហើយរថយន្តហាយឡែនឌ័របើករត់គេចដោយសុវត្ថិភាពបន្សល់ទុកកាងរថយន្តនៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មានពីសាច់ញាតិស្ត្រីរងគ្រោះបាននិយាយថា ស្ត្រីរងរបួសនេះដោយសាររថយន្តបើកបុក ហើយរត់គេចបាត់ ក៏ទាក់ទងរថយន្តសង្គ្រោះមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តហាយឡែនឌ័របើកបុកម្តងទៀត ហើយរត់បាត់ទៀត ។ អីក៏ស៊យម៉្លេះ !ក្រោយពេលកើតហេតុ ស្ត្រីរងរបួសត្រូវសាច់ញាតិដឹកតាមរថយន្តយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្តសង្គ្រោះរបស់មន្ទីរពហុព្យាបាលចោមចៅ និងអ្នកបើករថយន្តត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោករង់ចាំដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ