ឧប្បត្តិហេតុឆេះរថយន្តក្រុងនៅលើដងផ្លូវ បណ្តាលឱ្យរងការខូចខាតទាំងស្រុង និងបង្កឱ្យកកស្ទះចរាចរណ៍ក្នុងចម្ងាយផ្លូវជាច្រើនគីឡូម៉ែត្រ ប៉ុន្តែសំណាងល្អគ្មានមនុស្សរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ មិថុនា នៅក្នុងខេត្តប៉ាធុមធានី ផ្លូវពលយោធិន ត្រង់គីឡូម៉ែត្រទី៤១ ស្ថិតក្នុងស្រុកខ្លងលួង ខេត្តប៉ាធុមធានី ប្រទេសថៃ ។
តាមការត្រួតពិនិត្យរបស់ប៉ូលិសនៅកន្លែងកើតហេតុ ឃើញភ្លើងកំពុងឆាបឆេះរថយន្តក្រុង ពណ៌សលាយខ្មៅ ហើយប៉ូលិសបានបិទផ្លូវធ្វើចរាចរណ៍ បង្កឱ្យកកស្ទះលើដងផ្លូវចម្ងាយជាង១០គីឡូម៉ែត្រ ។ ស្របពេលជាមួយគ្នានេះ ក្រុមពន្លត់អគ្គិភ័យកំពុងមមាញឹក ដោយចំណាយពេលជាង១០នាទី ទើបគ្រប់គ្រងស្ថានការណ៍បាន ។
លោក ប៊ុនសេន សែង៉ូវ អាយុ៥២ឆ្នាំ ជាអ្នកបើកបររថយន្តខាងលើបានរៀបរាប់ថា ខណៈពេលកំពុងបើកបររថយន្តទៅទទួលបុគ្គលិកចំនួន៤០នាក់ នៅឯក្រុមហ៊ុនដឹកទៅរោងចក្រស្ថិតក្នុងស្រុកបាងប៉ាអុីន ខេត្តស្រីអាយុធ្យា មកដល់មុខមហាវិទ្យាល័យបាងកក ក៏ឃើញមានអណ្តាតភ្លើងនៅបរិវេណខាងមុខរថយន្ត ក៏ប្រញាប់ឱ្យបុគ្គលិកចុះពីលើរថយន្ត ប្តូរទៅជិះរថយន្តមួយគ្រឿងទៀត ។
ប៉ូលិសសន្និដ្ឋានជំហានដំបូងថា ឧប្បត្តិហេតុនេះបង្កឡើងដោយទុស្សេចរន្ត និងកំពុងស៊ើបអង្កេតបន្ត ៕
ចែករំលែកព័តមាននេះ