ខេត្តព្រះវិហារ ៖ ចាប់ពីថ្ងៃទី២១ ដល់២៣ មិថុនា កន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងនាមម្ចាស់ផ្ទះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត នូ វណ្ណថា ប្រធានការិយាល័យសុខាភិបាលកងទ័ពជើងគោក ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន៥០០នាក់ នៅឃុំឆែប២ ស្រុកឆែប និងប្រជាពលរដ្ឋ៥០០នាក់ទៀតនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ។
ជាមួយគ្នានេះចាប់ពីថ្ងៃទី២២ដល់២៣ មិថុនា លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន ក៏បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចុះសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្ស ប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅឃុំសង្កែ១ ស្រុកឆែបចំនួន៦៨០នាក់ ។ ចំណែកនៅថ្ងៃទី២៣ មិថុនា ចុះសំណេះសំណាលសមាជិក-សមាជិកាបក្ស នៅភូមិបុស្ស ឃុំម្លូព្រៃ២ ស្រុកឆែប ចំនួន៤២៤នាក់ ក្នុងនោះមានសមាជិកថ្មីចំនួន១២នាក់ ។
លោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត នូ វណ្ណថា បានថ្លែងថា ការចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ នាពេលនេះគឺជាលើកទី១ដែលមានគ្រូពេទ្យសរុប២០នាក់ បានធ្វើដំណើរដោយស្ម័គ្រចិត្តពីរាជធានីភ្នំពេញ ទៅដល់តំបន់ដាច់ស្រយាល ដើម្បីជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់ស្រទាប់ ដោយមិនរើសអើងពីនិន្នាការនយោបាយឡើយ ។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី េមបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានផ្តល់អំណោយជាសម្ភារកំដរដៃដល់សមាជិក-សមាជិកាបក្សក្នុងឱកាសសំណេះសំណាលទាំងពីរលើកខាងលើ ក្នុងម្នាក់ៗទទួលបានសារុង១ និងសាប៊ូកន្លះគីឡូក្រាម ។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន ក៏បានប្រកាសផ្តល់ផ្លូវក្រាលក្រួសក្រហមមួយខ្សែ ជូនប្រជាពលរដ្ឋដោយតភ្ជាប់ពីផ្លូវជាតិលេខ៩ ចូលភូមិបុស្ស ប្រវែង១.៦៤៤មែ៉ត្រ ជាអំណោយរបស់គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ។
លោកឧត្តមសេនីយ៍ត្រី ក៏បានរំលឹកដល់ប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី៤ ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៨ កក្កដា ខាងមុខ ដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តដឹកនាំការអភិវឌ្ឍប្រទេសជាតិតទៅទៀត ៕
ចែករំលែកព័តមាននេះ