ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋជាង២.០០០នាក់ ក្នុងស្រុកស្វាយទាប បានមកទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ចលនាយុវជនកម្ពុជាក្រុម១៥៧ដែលដឹកនាំដោយលោក ម៉ឹង ពន្លក ប្រធានក្រុមការងារចុះជួយឃុំកណ្តៀងរាយ ។
ប្រធានក្រុមការងារចុះជួយឃុំកណ្តៀងរាយ និងជាប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ លោក ម៉ឹង ពន្លក បានមានប្រសាសន៍ថា ការចុះព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះគឺឆ្លើយតបទៅ នឹងសំណូមពររបស់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ ហើយការចុះព្យាបាលនេះមិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយឡើយ គឺជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ រួមទាំងជួយដោះស្រាយការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ ។
លោកបន្តថា ការចុះព្យាបាលជំងឺដល់ប្រជាពលរដ្ឋនេះ គឺព្យាបាលជំងឺទូទៅ ជាពិសេសផ្តោតលើការព្យាបាលចំពោះកុមារ និងមនុស្សចាស់ជរា ។ លោកសន្យាថានឹងបន្តសកម្មភាពនេះជាប្រចាំដោយការយកចិត្តទុកដាក់បំផុត ។ប្រជាពលរដ្ឋឃុំកណ្តៀងរាយបានសម្ដែងការត្រេកអរ និងអរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចលនាយុវជនក្រុម១៥៧នេះ ដោយចាត់ទុកការចុះព្យាបាល និងចែកឱសថនេះ បញ្ជាក់អំពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ខណៈដែលពួកគាត់កំពុងជួបប្រទះការលំបាក ។
គួរបញ្ជាក់ថា ចលនាយុវជនកម្ពុជាក្រុម១៥៧ ក្រៅពីជួយដល់កងទ័ពនៅតាមបណ្តោយព្រំដែន បច្ចុប្បន្នក្រុមនេះក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចុះជួយដល់ប្រជាពលរដ្ឋក្រីក្រជាពិសេសមនុស្សចាស់ជរា និងស្រ្តីមេម៉ាយទ័លក្រតាមមូលដ្ឋាន ៕
ចែករំលែកព័តមាននេះ