រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនប្រេងឆាដេលីម៉ាបានរៀបចំពិធីសម្ពោធការិយាល័យតាំងបង្ហាញផលិតផលដេលីម៉ា នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២២ មិថុនា កន្លងមកនេះដែលការិយាល័យនោះមានទីតាំងស្ថិតនៅផ្ទះលេខ៩០ មហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ជិតស្តុបទួលទំពូង ។
ក្រុមហ៊ុនDelima Oil Products SdnBhd (Delima Oil) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន Felda Global Ventures Holdings Berhad (FGV) ហើយក្រុមហ៊ុនសង្ឃឹមថា ទីផ្សារនៅក្រៅប្រទេសរបស់ក្រុមហ៊ុននឹងចូលរួមចំណែក២០% នៃប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំនេះ ដែលកាលពីឆ្នាំមុនចំណូលពីទីផ្សារក្រៅប្រទេសរបស់ក្រុមហ៊ុនគឺមានតែ១០% ប៉ុណ្ណោះដែលកំណើននេះបានមកពីការពង្រីកទីផ្សារផលិតផលរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសក្នុងតំបន់អាស៊ាន ។
នាយកចាត់ការទូទៅរបស់ក្រុមហ៊ុនប្រេងឆាដេលីម៉ាលោក Zakaria Arshad បានមានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងទទួលបានប្រាក់ចំណូលរហូតដល់ ១.៣០០លានរីងហ្គីតម៉ាឡេស៊ី ឱ្យបានកើនលើសប្រាក់ចំណូលកាលពីឆ្នាំមុនដែលមានតែ១.១២០លានរីងហ្គីតម៉ាឡេស៊ីប៉ុណ្ណោះ ។ កិច្ចព្រមព្រៀងតំណាងអ្នកចែកចាយផលិតផលរវាងក្រុមហ៊ុនប្រេងឆាដេលីម៉ា និងក្រុមហ៊ុនក្នុងស្រុកមួយគឺក្រុមហ៊ុន RDC International Pte Ltd នៅរាជធានីភ្នំពេញនាថ្ងៃនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយបន្ថែមទៀតដើម្បីបញ្ច្រៀតចូលក្នុងចំណែកទីផ្សារថ្មីមួយបន្ថែមទៀតក្នុងប្រទេសកម្ពុជា ។
តាមរយៈកិច្ចព្រមព្រៀងតំណាងអ្នកចែកចាយនេះ អតិថិជននៅក្នុងប្រទេសកម្ពុជាអាចទទួលបាននូវឱកាសដ៏រីករាយក្នុងការប្រើប្រាស់ផលិតផលប្រេងឆាដែលមានគុណភាពនាំមុខគេរបស់ក្រុមហ៊ុនយើងខ្ញុំ ដែលរួមមានផលិតផលSaji ក៏ដូចជាគ្រឿងប៊័រលាបនំប័ុង (Sunbear Butter Spread)ម៉ាយ៉ាណេអាដេឡា(Adela margarine) នេះបើយោងតាមប្រសាសន៍របស់លោក Zakaria ។
លោក Zakaria បានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនប្រេងឆាលីម៉ាសង្ឃឹមថានឹងអាចធានានូវចំណែកផ្គត់ផ្គង់ផលិតផលប្រេងឆាដល់អ្នកលក់រាយបន្តនៅទីក្រុងភ្នំពេញបាន២៥% ហើយមានគោលបំណងពង្រីកឱ្យបានដល់៥០%ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ។ ជាមួយនឹងឱកាសឈានចូលមកក្នុងទីផ្សារកម្ពុជា ចំណែកទីផ្សារនាំចេញទៅទីផ្សារក្នុងតំបន់អាស៊ានដោយមិនរាប់បញ្ចូលប្រទេសម៉ាឡេស៊ី គឺត្រូវបានគេរំពឹងថានឹងកើនឡើងដល់៥០%ដែលបច្ចុប្បន្នទើបតែមាន២៥%នៅឡើយ ។ បច្ចុប្បន្ន៧៥%នៃផលិតផលប្រេងឆាដេលីម៉ា គឺកំពុងចរាចរលើទីផ្សារក្នុងស្រុក នៅម៉ាឡេស៊ី ។ កាលពីឆ្នាំមុន កំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុនកើនដល់១.១៣០លានរីងហ្គីតម៉ាឡេស៊ី នេះបើតាមប្រសាសន៍របស់លោកប្រាប់ទៅអ្នកសារព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខានេះ ។
លោកបានមានប្រសាសន៍ថា ផលិតផលថ្មីទាំង អស់នេះដែលរួមមានប៊័រផលិតពីសណ្តែកដី(Peanut Butter) ក៏ដូចជាសូកូឡា និងសណ្តែកដីសម្រាប់បៀកលើនំ(peanut and chocolate spreads) អាចរកបានតាមផ្សារទំនើបមីនីម៉ាត និងហាងលក់គ្រឿងទេសចម្រុះនៅទូទាំងប្រទេសកម្ពុជា ។ វត្តមានផលិតផលថ្មីនេះ នៅក្នុងប្រទេសកម្ពុជាត្រូវបានគាំទ្រដោយសកម្មភាពទីផ្សារជាច្រើនដូចជាកម្មវិធីផ្តល់សំណាកផលិតផលគំរូនៅតាមកន្លែងលក់រាយ ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងតាមរ៉ឺម៉កម៉ូតូកង់បីបើកបរចល័តក្នុងទីក្រុង ។
បច្ចុប្បន្ននេះក្រុមហ៊ុនប្រេងឆាដេលីម៉ាកំពុងតែលក់ផលិតផល Saji ដែលមានចំណុះសម្បកវេចខ្ចប់ខុសៗគ្នាដូចជាចំណុះ៥០០មិល្លីលីត្រ ១លីត្រ ២លីត្រ និង៥លីត្រ ច្រកដាក់ធុងដែក(Jerry Can)និងច្រកដាក់ធុងសំណ(Tin Can) សម្រាប់ផលិតផលដែលមានចំណុះ១៧លីត្រ និង១៨លីត្រ ។ ហើយសម្រាប់ម៉ាយ៉ាណេទាំងផលិតផលវេចខ្ចប់សម្រាប់អ្នកប្រើប្រាស់ទូទៅ នឹងសម្រាប់ប្រើប្រាស់លក្ខណៈឧស្សាហកម្ម និងចាប់ផ្តើមដំណើរការដឹកជញ្ជូនតាមនាវាមកកម្ពុជានៅខែមិថុនានេះ ។
ក្រៅពីនៅទីក្រុងភ្នំពេញ ប្រេងឆាដេលីម៉ា ក៏មានផែនការដើម្បីចរាចរផលិតផលរបស់ខ្លួននៅក្នុងខេត្តដែលមានទីតាំងយុទ្ធសាស្ត្រទីផ្សារសំខាន់ៗទៀតដែរដូចជាខេត្តសៀមរាប កំពង់ចាម និងបាត់ដំបង ។ ប្រេងឆាដេលីម៉ាបានពង្រីកអាជីវកម្មរបស់ខ្លួនមកកាន់បណ្តាប្រទេសក្នុងសមាគមអាស៊ានដូចជាប្រទេសមីយ៉ាន់ម៉ា តាំងពីឆ្នាំ២០១២ មកម្លេ៉ះ ដោយរកប្រាក់ចំណូលបានរហូតដល់៥០០.០០០រីងហ្គីតម៉ាឡេស៊ី ក្នុងរយៈពេលតិចជាង១ឆ្នាំ ៕
ចែករំលែកព័តមាននេះ