កងទ័ពលីបង់ កាលពីថ្ងៃទី២៤ មិថុនា បានធ្វើការវាយលុកចូលកាន់កាប់ព្រះវិហារអ៊ិស្លាមស៊ុននីតមួយនៅក្រុងសៃអុីដា ភាគខាងត្បូងលីបង់ ដែលពួកជីវពលស៊ុននីតប្រទូស្តរ៉ាយនឹងពួកហេសប៊ុលឡាហ៍លាក់ខ្លួននៅទីនោះ ក្រោយការប្រយុទ្ធគ្នារយៈពេល២ថ្ងៃបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើនសិបនាក់មក ។
ការផ្ទុះអំពើហិង្សានេះ គឺធ្ងន់ធ្ងរបំផុតដែលលីបង់ពុំធ្លាប់ជួបប្រទះតាំងពីចាប់ផ្តើមជម្លោះនៅស៊ីរី បង្កឱ្យមានភាពតានតឹងរវាងសហគមន៍សាសនានៅលីបង់ ។ កងទ័ពនិយាយថា បាត់បង់ទាហាន១២នាក់ក្នុងការប្រយុទ្ធ ក៏ប៉ុន្តែយោងតាមប្រភពព័ត៌មានសន្តិសុខថា តុល្យការទាហានស្លាប់មានដល់១៨នាក់ ហើយទាហាន១២៨នាក់ត្រូវរបួស ។ ប្រភពមន្ទីរពេទ្យនិយាយថា សាកសពពួកជីវពលស៊ុននីតយ៉ាងតិច២២នាក់ត្រូវបានរកឃើញក្នុងព្រះវិហារ រងការវាយលុក ។ តុល្យការអាចមានខ្ពស់ជាងនេះទៀត ។ កាកបាទក្រហមនិយាយថា ជួយព្យាបាលអ្នករបួស៩៤នាក់ ។
អំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃទី២៣ មិថុនា ក្រោយការចាប់ខ្លួនមនុស្សម្នាក់របស់អុីម៉ាមស៊ុននីត សុិកអាម៉េដ អាល់អាសៀរ ដែលចលនារបស់គេប្រឆាំងអន្តរាគមន៍របស់ពួកហេសប៊ុលឡាហ៍ ស៊ីអុីត នៅស៊ីរី ។ ការចាប់ខ្លួននោះញ៉ាំងឱ្យពួកជីវពលរបស់លោក អាល់អាសៀរ សងសឹកដោយវាយប្រហារលើបារាស់យោធាមួយ ៕
ចែករំលែកព័តមាននេះ