ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមបន្តបើកការស៊ើបសួរ ស្ត្រីពពោះ១១នាក់បន្ទាប់ពីឃុំខ្លួន២១ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែធ្នូនេះ បានបង្គាប់ទៅអនុរក្សពន្ធនាគារព្រៃស ឲ្យនាំខ្លួនស្ត្រីពពោះជំនួសចំនួន១១នាក់ សាកសួរឡើងវិញ នៅក្នុងសំណុំរឿង បទ.លក់ដូរមនុស្សសម្រាប់ឆ្លងដែន…

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែធ្នូនេះ បានបង្គាប់ទៅអនុរក្សពន្ធនាគារព្រៃស ឲ្យនាំខ្លួនស្ត្រីពពោះជំនួសចំនួន១១នាក់ សាកសួរឡើងវិញ នៅក្នុងសំណុំរឿង បទ.លក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូនពពោះជំនួស។ ស្ត្រីទាំង១១នាក់នោះត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការ និងចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន អស់រយៈពេល២១ថ្ងៃកន្លងមក។

គួរំលឹកថា កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកា ចៅក្រមសើបសួរបានចេញដីកាឃុំស្ត្រីចំនួន១១នាក់ ពីបទ លក់ដូរមនុស្ស សម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះ តាមមាត្រា១៦ នៃច្បាប់ស្តីពីការទប់ស្កាត់ អំពើជួញដូរមនុស្ស និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទទាំង១១នាក់ ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារហើយនាថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៨។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនជាប់ចោទ៤នាក់ ពីបទ សមគំនិត ក្នុងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះ តាមមាត្រា១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា២៩ និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ដែលមាន១.ឈ្មោះ ចេង សំអុល ភេទប្រុស ២.ឈ្មោះ អៀង ម៉ាន់ ភេទប្រុស ៣.ឈ្មោះ សុខ ឃឿន ភេទស្រី និង៤.ឈ្មោះ ខៀវ វណ្ណា ភេទស្រី។

ជនជាប់ចោទទាំង១៥នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌសែនសុខ ដោយមានការសម្របសម្រួល ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបជាក់ស្តែង ករណី អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ នៅចំណុចទីតាំងចំនួន៣កន្លែង ក្នុងមូលដ្ឋានខណ្ឌសែនសុខ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាតខ្លួន ជនជាប់ចោទចំនួន១៥នាក់ ក្នុងនោះមាន អ្នកមើលការខុសត្រូវ(មេការស្រី) ចំនួន២នាក់ អ្នករត់ម៉ូតូកង់បីប្រុសចំនួន២នាក់ ស្ត្រីមានផ្ទៃពោះចំនួន១១នាក់ និង៣នាក់ទៀតរត់គេចខ្លួន។ វត្ថុតាងដកហូតរួមមាន លិខិតឆ្លងដែនចំនួន១ក្បាល ឯកសារពេទ្យមួយចំនួន ស៊ីរ៉ាង និងថ្នាំពេទ្យ (ប្រើរួច និងមិនទាន់ប្រើ)មួយចំនួន និងម៉ូតូកង់បីចំនួន២គ្រឿង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ