ស្ត្រីតារាភាពយន្ត ហូលីវូដ នាង អេនជេលីណាជោលី កាលពីថ្ងៃទី២៤ មិថុនា បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យតស៊ូប្រឆាំងការចាប់រំលោភរួមភេទក្នុងបណ្តាតំបន់មានសង្គ្រាម ដោយទាមទារឱ្យមានសកម្មភាពខ្លាំងមួយរបស់សហគមន៍អន្តរជាតិលើបញ្ហានេះ ។
ថ្លែងពេលមានការជជែកពិភាក្សាគ្នាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ស្តីពីនារីសន្តិភាព និងសន្តិសុខក្នុងឋានៈនាងជាបេសកជនពិសេសរបស់ស្នងការជាន់ខ្ពស់ អ.ស.ប ខាងជនភៀសខ្លួន HCR នាងជោលីគូសបញ្ជាក់ពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខធ្វើអន្តរាគមន៍ដើម្បីផ្តល់ការណែនាំ និងជំនួយដល់បណ្តាប្រទេសដែលពុំអាចបំពេញដោយខ្លួនឯងបាន លើបញ្ហានេះ ។ នាងជោលី បន្តថា ខ្ញុំដឹងថាមានរឿងជាច្រើនដែលក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ពុំអាចឈានដល់ការព្រមព្រៀងគ្នាផង ។
ក៏ប៉ុន្តែអំពើចាប់រំលោភរួមភេទក្នុងជម្លោះពុំមែនជាផ្នែកមួយដែលបរិយាកាសអន្តរជាតិអនុញ្ញាតឡើយ ។ នោះជាអំពើឧក្រិដ្ឋមួយរបស់ជនចាប់រំលោភនារីវ័យក្មេងៗ មិនទាន់គ្រប់អាយុ ដូច្នេះពុំគួរមានការមិនព្រមព្រៀងគ្នាជាមួយគំនិតនេះឡើយ ។តារាភាពយន្តទទួលពានរង្វាន់អូស្ការូបនេះ គូសបញ្ជាក់ថា គឺឆន្ទៈនយោបាយដែលជាការចាំបាច់ ។ គ្រប់ប្រទេសទាំងអស់លើពិភពលោកអាចជួបប្រទះនឹងអំពើចាប់រំលោភរួមភេទ ហើយគ្រប់ប្រទេសទាំងអស់សុទ្ធតែមានការទទួលខុសត្រូវធ្វើការតស៊ូប្រឆាំងអំពើនោះ ។ ការចាប់រំលោភយកធ្វើជាអាវុធសង្គ្រាម ជាការវាយប្រហារប្រឆាំងនឹងសន្តិសុខមួយ នៅលើពិភពលោក ហើយអំពើឧក្រិដ្ឋទាំងនេះកើតមានពិភពលោកដាច់ខាតពុំមានសន្តិភាពឡើយ ។
នាងជោលី ដែលទៅបំពេញទស្សនកិច្ចក្នុងជំរំជនភៀសខ្លួនជាច្រើនលើពិភពលោកនោះបានថ្លែងក្នុងនាមបណ្តាជនរងគ្រោះដោយការចាប់រំលោភរួមភេទក្នុងជម្លោះដោយនាងថ្លែងថា នារីទាំងនោះជាជនរងគ្រោះក្នុងការចាប់រំលោភ ក៏ប៉ុន្តែពួកនាងក៏ជាជនរងគ្រោះ ដោយសារវប្បធម៌និទ្ទណ្ឌភាពដែរ ។ នេះជាការពិតប្រកបដោយសោកនាដកម្មមួយដ៏គួរឱ្យអៀនខ្មាស់បំផុត ៕
ចែករំលែកព័តមាននេះ