តុលាការក្រុងមីឡាន កាលពីថ្ងៃទី២៤ មិថុនា បានកាត់ទោសអតីតប្រមុខរដ្ឋាភិបាលអីុតាលី លោកប័រលូស្កូនី ដាក់គុក៧ឆ្នាំ ហើយហាមឃាត់លោកមិនឱ្យកាន់តំណែងរដ្ឋណាមួយអស់មួយជីវិតពីបទរួមភេទ ដោយបង់ប្រាក់ជាមួយនារីរកស៊ីផ្លូវភេទមិនទាន់ពេញវ័យម្នាក់ និងពីបទរំលោភបំពានអំណាច ដោយប្រើឥទ្ធិពលរាំងខ្ទប់រឿងរ៉ាវនេះ ។
សាលក្រមកាត់ទោសរបស់សាលាដំបូងនេះត្រូវប្រកាសក្រោយបញ្ចប់សវនាការកាត់ទោសដែលមានរយៈពេលដល់ទៅ២ឆ្នាំ ។ បណ្ដារដ្ឋអាជ្ញា ស្នើឱ្យការកាត់ទោសលោកប័រលូស្កូនី ដែលជាមហាសេដ្ឋីម៉ាស៊ីនឃោសនាដាក់គុក៦ឆ្នាំ ព្រមទាំងហាមឃាត់លោកមិនឱ្យកាន់តំណែងរដ្ឋណាមួយអស់មួយជីវិត ពីបទរួមភេទជាមួយអតីតនារីរបាំជនជាតិម៉ារ៉ុកម្នាក់ ពេលនាងពុំទាន់ពេញវ័យ គឺនាង ការីម៉ា អែល ម៉ាហ៍រូស ដែលគេស្គាល់ច្បាស់ឈ្មោះថា RUBY ។
យោងតាមបណ្ដារដ្ឋអាជ្ញាថា លោកប័រលូស្កូនី រួមភេទជាមួយនាង RUBY ពេលនាងមានអាយុទើប១៧ឆ្នាំ ហើយបានទូរស័ព្ទទៅកាន់ស្នងការដ្ឋានប៉ូលិសមួយ កាលពីខែឧសភា ឆ្នាំ២០១០ ពេលលោកធ្វើជានាយករដ្ឋមន្ដ្រី ក្រោយពេលនារីរូបនោះត្រូវចាប់ខ្លួន ក្នុងរឿងមួយផ្សេងទៀត ទាក់ទិនដល់រឿងលួចរបស់របរឱ្យដោះលែងនាង ។ លោកប្រាប់ដល់ស្នងការដ្ឋានប៉ូលិសថា នារីរូបនេះជាក្មួយស្រីរបស់ប្រធានាធិបតីអេហ្សុីប លោក ហូស៊ី មូបារ៉ាក់ ហើយបានគាបសង្កត់លើប៉ូលិសឱ្យដោះលែងនាង RUBYដោយលើកហេតុផលថា ចៀសវាងកុំឱ្យមានឧប្បត្ដិហេតុការទូតរវាងប្រទេសទាំងពីរ។
លោកប័រលូស្កូនី និងនាង RUBY បានបដិសេធជាប់ជានិច្ចថាអ្នកទាំងពីរពុំបានរួមភេទជាមួយគ្នាឡើយ ។ នាង RUBY ដែលពេលនេះនាងមានអាយុ២០ឆ្នាំ ទទួលការចោទប្រកាន់ថាបោកប្រាស់ ព្រោះនិយាយថាខ្លួនជាក្មួយស្រីរបស់លោក មូបារ៉ាក់ ចំណែកលោកប័រលូស្កូនី ថ្លែងថា លោកជាអ្នករងគ្រោះដោយសារបណ្ដាចៅក្រមឆ្វេងនិយម ចាប់តាំងពីលោកចូលប្រឡូកក្នុងនយោបាយពីឆ្នាំ១៩៩៤មកម៉្លេះ ។
លោកប័រលូស្កូនី អាយុ៧៦ឆ្នាំ ដែលតែងថ្លែងថា លោកគ្មានទោសនោះជាកម្មវត្ថុនៃសវនាការកាត់ទោសជាច្រើនពីបទក្លែងបន្លំពន្ធ និងពុករលួយ ដែលក្រោយការបញ្ចប់សវនាការទាំងនោះទោសលោកហាក់ដូចជាត្រូវលុបចោលទៅវិញឬដោយសារអភ័យឯកសិទ្ធិ។ កាលពីថ្ងៃទី២៤ មិថុនា មានអ្នកកាសែតមកពីពិភពលោកទាំងមូលបានចោមរោមនៅមុខច្រកចូលតុលាការ ដែលនៅទីនោះមានការបង្ហាញកម្លាំងដាក់គ្នារវាងពួកអ្នកគាំទ្រ និងពួកអ្នកប្រឆាំងលោកប័រលូស្កូនី ។
ការចេញសាលក្រមនេះធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីតុលាការជាន់ខ្ពស់បំផុតរបស់អីុតាលី បានបដិសេធការកាត់ទោសលោកប័រលូស្កូនីក្នុងរឿងចោទប្រកាន់មួយទៀត ។ យោងតាមលោកប័រលូស្កូនីថា សវនាការកាលពីឆ្នាំ២០១០ ដែលប្រកាសកាត់ទោសដាក់គុកលោក៥ឆ្នាំ ហើយហាមមិនឱ្យកាន់តំណែងរដ្ឋរយៈពេល៥ឆ្នាំ ពុំអាចអនុវត្ដបានដោយសារអភ័យឯកសិទ្ធិរបស់លោក៕
ចែករំលែកព័តមាននេះ