ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ទៅស្រែតាមជីដូនបណ្តាលឱ្យលង់ទឹកស្លាប់ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅខាងត្បូងភូមិប្រាសាទចម្ងាយប្រហែល ៥០០ម៉ែត្រ ក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយប្រាប់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ហាន មករា ភេទប្រុស អាយុ៧ឆ្នាំ ជាសិស្ស រស់នៅភូមិកើតហេតុ មានឪពុក ឈ្មោះ ហាន ប៉ូលីន អាយុ៣១ឆ្នាំ និងម្តាយឈ្មោះ ផុន សុប៊ីន អាយុ២៨ឆ្នាំ ។ ក្មេងប្រុសរងគ្រោះជាកូនតែម្នាក់គត់ក្នុងគ្រួសារ ។
យោងតាមការឲ្យដឹងពីសាច់ញាតិរបស់ក្មេងប្រុសរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ កុមារារងគ្រោះបានសុំឪពុកម្តាយទៅស្រែជាមួយនឹងជីដូន លុះជីដូនកំពុងតែចុះថែទាំស្រូវនៅក្នុងស្រែនោះ កុមារា
រងគ្រោះដើរលេងតាមមាត់ប្រឡាយ ក៏រអិលជើងធ្លាក់ចូលទៅក្នុងទឹកបណ្តាលឲ្យលង់។
លុះមួយសន្ទុះក្រោយមកជីដូនដើររកមើលចៅមិនឃើញ តែឃើញស្នាមជើងនៅមាត់ប្រឡាយ ជីដូនក៏បានចុះទឹករាវរកឃើញក្មេងប្រុសរងគ្រោះស្លាប់បាត់ទៅហើយ រួចក៏ស្រង់យកសពមកផ្ទះទាំងក្តីរន្ធត់ និងខ្លោចចិត្តជាទីបំផុត។
បន្ទាប់ពីទទួលព័ត៌មានខាងលើភ្លាម កំលាំងជំនាញ និងប៉ុស្តិ៍ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ គឺក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ក៏ប្រគល់សពឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ