ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តៅ​​ដី​​មរណៈ​​ជាយ​​ក្រុង​​ភ្នំពេញ​​កំពុង​​បំផ្លាញ​​ដី​​ស្រែ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដី​ស្រែ​ប្រជា​ពល​រដ្ឋ​ដែល​ស្ថិត​នៅ​ជាប់​រណ្តៅ​ដី​ដ៏​ជ្រៅ​ហួស​នគរ​ប្រេត​របស់​ឈ្មួញ​ជីក​ដី​លក់​ម្នាក់​ឈ្មោះ​ វឌ្ឍនា​ ដែល​អ្នក​ស្រុក​និយាយ​ថា​ជា​ឈ្មួញ​មាន​អំណាច​ កំពុង​ត្រូវ​បាន​បាក់​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ​ពេល​ម្ចាស់​ដី​ស្រែ​តវា៉​ត្រូវ​ឈ្មួញ​ខាង​លើ​បាន​សុំ​ទិញ​យក​ក្នុង​តម្លៃ​ថោក​ៗ​បំផុត​ ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​មាន​ម្ចាស់​ដី​ប្តឹង​ជា​បន្ត​បន្ទាប់​ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ចប់​នៅ​ឡើយ​ទេ​ ជា​ហេតុ​បង្ក​ការ​ឈឺ​ក្បាល​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​មិន​ចេះ​ចប់​ឡើយ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ដី​ស្រែ​ប្រជា​ពល​រដ្ឋ​ដែល​ស្ថិត​នៅ​ជាប់​រណ្តៅ​ដី​ដ៏​ជ្រៅ​ហួស​នគរ​ប្រេត​របស់​ឈ្មួញ​ជីក​ដី​លក់​ម្នាក់​ឈ្មោះ​ វឌ្ឍនា​ ដែល​អ្នក​ស្រុក​និយាយ​ថា​ជា​ឈ្មួញ​មាន​អំណាច​ កំពុង​ត្រូវ​បាន​បាក់​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ​ពេល​ម្ចាស់​ដី​ស្រែ​តវា៉​ត្រូវ​ឈ្មួញ​ខាង​លើ​បាន​សុំ​ទិញ​យក​ក្នុង​តម្លៃ​ថោក​ៗ​បំផុត​ ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​មាន​ម្ចាស់​ដី​ប្តឹង​ជា​បន្ត​បន្ទាប់​ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ចប់​នៅ​ឡើយ​ទេ​ ជា​ហេតុ​បង្ក​ការ​ឈឺ​ក្បាល​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​មិន​ចេះ​ចប់​ឡើយ​ ។

មិន​តែ​ប៉ុណ្ណោះ​រថ​យន្ត​បែន​ប្រភេទ​យី​ឌុប​រាប់​សិប​គ្រឿង​ដែល​ដឹក​ដី​ចេញ​ពី​ក្នុង​រណ្តៅ​មរណៈ​នោះ​មួយ​គ្រឿង​ៗ​ផ្ទុក​ទម្ងន់​រាប់​សិប​តោន​កំពុង​បើក​បរ​យា៉ង​គគ្រឹក​គគ្រេង​ដូច​គេ​ហែ​កឋិន​បំផ្លាញ​កំណាត់​ផ្លូវ​ជាតិ​លេខ​២​ និង​ផ្លូវ​ចំការ​ដូង​ព្រម​ទាំង​ផ្លូវ​នា​នា​ផ្សេង​ទៀត​ដោយ​សេ​រី​ ។ ប្រជា​ពល​រដ្ឋ​នៅ​តំបន់​នោះ​បាន​ឱ្យ​ដឹង​ថា​ រណ្តៅ​ដី​របស់​លោក​ វឌ្ឍ​នា​ មួយ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រី​ស្នំ​ ភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ និង​បាន​ដំណើរ​ការ​ជី​ក​យក​អាចម៍​ដី​លក់​មាន​រយៈ​ពេល​ជាង​៤​ឆ្នាំ​កន្លង​មក​ហើយ​ ពេល​នេះ​មាន​ជម្រៅ​មិន​ខ្វះ​ពី​ជាង​៤០​ម៉ែត្រ​នោះ​ទេ​ និង​មាន​ទំហំ​ដី​ប្រមាណ​ជិត​១០​ហិកតា​​​ ។

ម្យា៉ង​ទៀត​អ្នក​កា​សែត​មិន​ត្រូវ​បាន​គេ​អនុ​ញ្ញាត​ឱ្យ​ទៅ​ក្បែរ​ទេ​ សូម្បី​តែ​អ្នក​ភូមិ​ដែល​ជា​ប្រជា​​ពល​រដ្ឋ​ធម្ម​តា​ក៏​មិន​បាន​ទៅ​ជិត​ផង​ ព្រោះ​មាន​អ្នក​យាម​តឹង​រឹុង​ណាស់​ មិន​មាន​អ្នក​ក្រៅ​ណា​ថ្លើម​ធំ​ហា៊ន​ទៅ​កាន់​តំបន់​នោះ​ឡើយ​ ។ ពួក​គាត់​មិន​បាន​ដឹង​ថា​អ្នក​យាម​តំបន់​នោះ​ជា​កម្លាំង​មក​ពី​ខាង​ណា​នោះ​ទេ​សុទ្ធ​តែ​ជា​មនុស្ស​កាច​ ។ អ្នក​ស្រុក​បាន​និយាយ​បន្ត​ថា​ មាន​ម្ចាស់​ដី​ស្រែ​ជា​ច្រើន​ដែល​បាក់​ដី​ស្រែ​ចូល​ទៅ​ក្នុង​រណ្តៅ​ដី​នោះ​កាល​ពី​ឆ្នាំ​មុន​ មាន​រាប់​សិប​គ្រួសារ​នៅ​ក្នុង​ភូមិ​ស្រី​ស្នំ​ និង​ភូមិ​ក្រាំង​ស្វាយ​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ដុត​សំបក​កង់​រថ​យន្ត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២​នោះ​ធ្វើ​ការ​តវា​៉​ប្រឆាំង​នឹង​ឈ្មួញ​ជីក​ដី​មួយ​  នេះ ។

នៅ​ក្នុង​ខណៈ​នោះ​បន្ទាប់​ពី​មាន​ការ​តវា៉​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ ខាង​ឈ្មួញ​ជីក​ដី​ក៏​បាន​យល់​ព្រម​ដោះ​ស្រាយ​ដោយ​សុំ​ទិញ​ដី​ដែល​នៅ​ជុំ​វិញ​រណ្តៅ​ដែល​គេ​ជីក​ធ្វើ​ឱ្យ​បាក់​រាល​ដាល​នោះ​ប្រមូល​បង្ខំ​ទិញ​ថោក​ៗ​យក​តែ​ម្តង​ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ការ​ឈឺ​ចាប់​នោះ​គឺ​ដោយ​សារ​តែ​ការ​ទិញ​មាន​តម្លៃ​ថោក​ហួស​ពី​ហាង​ឆេង​ដែល​ពួក​គាត់​ត្រូវ​លក់​ តែ​បើ​មិន​ព្រម​លក់​ទេ​គឺ​អត់​ព្រោះ​ដី​ស្រែ​បាក់​អស់​ហើយ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា​ ហាង​ឆេង​ដី​នៅ​តំបន់​នោះ​ក្នុង​មួយ​ម៉ែត្រ​កា​រ៉េ​តម្លៃដែល​ពួក​គាត់​ត្រូវ​លក់​គឺ​ជិត​២០​ដុល្លារ​ឯ​ណោះ​ ប៉ុន្តែ​នៅ​ពេល​បាក់​ចូល​រណ្តៅ​ដី​ត្រូវ​បាន​ឈ្មួញ​ខាង​លើ​ទិញ​ត្រឹម​តែ​៣,៥​ដុល្លារ​តែ​ប៉ុណ្ណោះ​ និង​ឱ្យ​លុយ​តាម​របៀប​បង់​រំ​លោះ​រាល​់​ខែ​ទៀត​ផង​ ។ ពួក​គាត់​និយាយ​ប្រាប់​កោះ​សន្តិ​ភាព​ថា​ ត្រូវ​ខាត​បង់​ផល​ប្រយោជន៍​ដោយ​សារ​តែ​ឈ្មួញ​ជីក​ដី​​នោះ​ខ្លាំង​ណាស់​ ប៉ុន្តែ​ដល់​ពេល​ដំណាក់​កាល​នេះ​ហើយ​ ពួក​គាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ​ ព្រោះ​គ្មាន​រដ្ឋ​អំណាច​ណា​ជួយ​ឈឺ​ឆ្អាល​ទេ​ មាន​តែ​លក់​ទាំង​បង្ខំ​ចិត្ត​ និង​ទឹក​ភ្នែក​ឈឺ​ចាប់​តែ​ប៉ុណ្ណោះ​ ។ ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​បែប​ណា​ឡើយ​បើ​មិន​លក់​ទេ​ នឹង​ត្រូវ​បាក់​ចូល​រណ្តៅ​អស់​គ្មាន​  សល់ ។ មិន​តែ​ប៉ុណ្ណោះ​ចង់​ធ្វើ​ស្រែ​ក៏​ធ្វើ​មិន​កើត​ទៀត​ ព្រោះ​ក្លាយ​ជា​ការ​ដ្ឋាន​គេ​ ។

មន្ត្រី​សង្កាត់​ព្រែក​កំពឹស​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា​ កន្លង​មក​ពិត​ជា​ធ្លាប់​មាន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ស្រី​ស្នំ​ និង​ភូមិ​ក្រាំង​ស្វាយ​ធ្វើ​បាតុ​កម្ម​ដុត​សម្បក​កង់​រថ​យន្ត​តវា៉​រឿង​បាក់​ដី​ស្រែ​ពួក​គាត់​ពិត​មែន​ ប៉ុន្តែ​ក្រោយ​មក​ដី​ទាំង​នោះ​ត្រូវ​បាន​ក្រុម​ហ៊ុន​ជីក​ដី​មួយ​នោះ​ទិញ​យក​ទាំង​អស់​ និង​បាន​ចប់​មួយ​វគ្គ​ហើយ​ ។ ពេល​នេះ​មាន​ប្រជា​ពល​រដ្ឋ​៤​ទៅ​៥​គ្រួសារ​ទៀត​កំពុង​ធ្វើ​ការ​តវា៉​រឿង​បាក់​ដី​ស្រែ​បង្ក​បង្កើន​ផល​របស់​ពួក​គាត់​ រក​ធ្វើ​ស្រែ​មិន​កើត​ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ មិថុនា​ ២០១៣​ ក៏​ត្រូវ​បាន​អាជ្ញា​ធរ​សង្កាត់​ កោះ​ហៅ​ទាំង​លោក​ វឌ្ឍ​នា​ និង​ខាង​ប្រជា​ពល​រដ្ឋ​ឱ្យ​ទៅ​ជួប​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​នៅ​ក្នុង​សា​លា​សង្កាត់​ផង​ដែរ​ ។

ការ​ជួប​ដោះ​ស្រាយ​គ្នា​នោះ​ គឺ​ត្រូវ​រ៉ូវ​ឯក​ភាព​គ្នា​លក់​​និង​ទិញ​ ប៉ុន្តែ​នៅ​ខុស​គ្នា​តែ​រយៈ​ពេល​ប្រគល់​លុយ​ទេ​ ដោយ​ឈ្មួញ​ដី​នោះ​សុំ​បង់​លុយ​រំ​លោះ​រយៈ​ពេល​១​ខែ​ម្តង​ ។ ចំណែក​ឯ​ម្ចាស់​ដី​ស្រែ​បាន​ទាម​ទារ​សុំ​ឱ្យ​ប្រគល់​ក្នុង​រយៈ​ពេល​កន្លះ​ខែ​ម្តង​វិញ​ ។ ទោះ​បី​បែប​ណា​អ្នក​ស្រុក​តំបន់​នោះ​ មាន​បំណង​ចង់​ឱ្យ​អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​ពិនិត្យ​មើល​រណ្តៅ​ដី​មួយ​នេះ​ផង​ ជីក​កាន់​តែ​ជ្រៅ​ទៅ​ៗ​ហើយ​ និង​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ពួក​គាត់​ខ្លាំង​ណាស់​ ព្រោះ​វា​មាន​ជម្រៅ​ជ្រៅ​គួរ​ឱ្យ​ខ្លាច​ និង​បំផ្លាញ​ផ្លូវ​គ្រប់​កន្លែង​ថែម​ទៀត​ផង​ ។ ឯ​ឈ្មួញ​ជីក​ដី​ប្រើ​អំណាច​ខ្លាំង​​ណាស់​ជា​ក្រុម​មាន​ប្រាក់​មាន​អំណាច​ បើ​មិន​ទប់​ស្កាត់​ទេ​នឹង​បាក់​ដី​ពួក​គាត់​ជា​បន្ត​បន្ទាប់​ទៀត​ហើយ​ ។

សូម​បញ្ជាក់​ថា​ កោះ​សន្តិ​ភាព​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​អ្នក​ស្រុក​នៅ​តំបន់​នោះ​ច្រើន​ដង​មក​ហើយ​ ប៉ុន្តែ​អ្នក​កា​សែត​មិន​អាច​ទៅ​កាន់​ទី​នោះ​ថត​រណ្តៅ​ដី​មរណៈ​នេះ​បាន​ឡើយ​ ។ គ្មាន​អ្នក​កា​សែត​ណា​ថ្លើម​ធំ​ហា៊ន​ទៅ​ពិនិត្យ​ជាក់​ស្តែង​ ដើម្បី​ពិ​ពណ៌​នា​រណ្តៅ​ដី​នោះ​បាន​ទេ​ ។ ម្លោ៉ះ​ហើយ​បាន​ត្រឹម​តែ​ថត​រថ​យន្ត​ដឹក​ដី​​ដ៏​គគ្រឹក​គ្រេង​នោះ​តែ​ប៉ុណ្ណោះ​ ព្រម​ទាំង​លាក់​លៀម​បំផុត​ទៀត​ផង​ ៕