ប្រភពព័ត៌មានពីក្នុងផ្ទៃភ្នាក់ងារសន្តិសុខរាយការណ៍ថា ទាហាន១០នាក់ និងជនសកម្មប្រយុទ្ធស៊ុននីត២នាក់ បានត្រូវស្លាប់កាលពីថ្ងៃទី២៣ មិថុនា នៅតំបន់សៃអីុដា ចម្ងាយ៤០គីឡូម៉ែត្រខាងត្បូងក្រុងបៃរូត ក្នុងការប៉ះទង្គិចគ្នារវាងកងទ័ព និងពួកអ្នកគាំទ្រអីុម៉ាមស៊ុននីត រា៉ឌីកាល់ ដែលប្រឆាំងនឹងអន្តរាគមន៍របស់ក្រុមហេសប៊ុលឡាហ៍ស៊ីអីុតនៅស៊ីរី ។
ការប៉ះទង្គិចគ្នាទាំងនោះដែលក៏បណ្តាលឱ្យមនុស្សប្រមាណជា៥០នាក់ត្រូវរបួសផងដែរបានផ្ទុះឡើងក្រោយពីការចាប់ខ្លួនមនុស្សម្នាក់របស់លោកស៊ិកអាម៉េដ អាល់អាសៀរ ។ បណ្តាមនុស្សរបស់អីុម៉ាម រូបនេះបន្ទាប់មកបានប៉ះទង្គិចគ្នាជាមួយបណ្តាសមាជិករបស់ក្រុមហេសប៊ុលឡាហ៍ ដោយប្រើកាំភ្លើងស្វ័យប្រវត្តិ និងកាំភ្លើងបាញ់រ៉ុក្តែត ។ ពួកអ្នកគាំទ្រអីុម៉ាម ស៊ុននីត នោះមួយផ្នែកទៀត បានវាយប្រហារលើកងកម្លាំងសន្តិសុខជាការសងសឹក ហើយអំពាវនាវដល់មនុស្សរបស់លោកអាសៀរទាំងអស់ឱ្យនាំគ្នាធ្វើការតវ៉ាតាមដងវិថីទាំងឡាយក្នុងប្រទេស ។
ក្នុងសេចក្តីប្រកាសមួយ ទីបញ្ជាការយោធាលី បង់ថ្លែងថា ចាប់តាំងពីច្រើនខែមកហើយកងទ័ពខិតខំប្រកាន់ជំហរឱ្យនៅដាច់ពីបញ្ហាស៊ីរី ហើយកងទ័ពបានបដិសេធជាច្រើនលើកមិនបង្ក្រាបក្រុមរបស់លោកស៊ីកអាម៉េដអាល់អាសៀរ ។ ក៏ប៉ុន្តែអ្វីដែលកើតមាននាពេលនេះ គឺជាហួសពីអ្វីដែលគេអាចអត់ធ្មត់ ។ កងទ័ពរងការវាយប្រហារដោយឈាមត្រជាក់ក្នុងការប៉ុនប៉ងមួយបញ្ចេះកម្តៅនៅសៃអីុដា ដូចកាលពីឆ្នាំ១៩៧៥ ៕
ចែករំលែកព័តមាននេះ