យោងតាមប្រភពព័ត៌មានដេលីម៉េលចេញផ្សាយកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៣ បានឱ្យដឹងថា កូនស្រីវ័យ១៨ឆ្នាំ រស់នៅក្នុងតំបន់ខ្ពង់រាបនៃប្រទេសប៉ាពូញូហ្គីណា បានសម្រេចចិត្តសម្លាប់ឪពុកបង្កើតរបស់ខ្លួនដោយអារ.កកាត់ក្បាល បន្ទាប់ពីឪពុកចិត្តតិរច្ឆានរូបនោះចាប់នាងរំលោភបានសម្រេចនៅក្នុងផ្ទះម្តងហើយចង់ម្តងទៀត ។
បន្ទាប់ពីសម្លាប់ឪពុករួច ក្រុមប៉ូលិសក្នុងតំបន់បានមករកចាប់នាង ដើម្បីស៊ើបអង្កេត និងដាក់ទោសទណ្ឌ ប៉ុន្តែត្រូវបានអ្នកភូមិប្រមូលផ្ដុំគ្នារារាំងការពារនារីវ័យ១៨ឆ្នាំរូបនោះ ដោយមិនព្រមប្រគល់នាងទៅឱ្យប៉ូលិសនោះទេ ហើយពួកគេបាននិយាយថា ទង្វើអសីលធម៌ថោកទាបរបស់ឪពុកចិត្តតិរច្ឆានរូបនោះ សមនឹងស្លាប់បែបនេះ ។ ដោយឡែកលោក Pastor Lucas Kumi មេដឹកនាំព្រះវិហារក្នុងតំបន់បាននិយាយថា ប្រជាជនរស់នៅក្នុងសហគមន៍ទាំងមូលបដិសេធដាច់អហង្ការមិនព្រមប្រគល់ក្មេងស្រីឱ្យទៅប៉ូលិស ដើម្បីធ្វើការស៊ើបអង្កេត ឬចាត់ការតាមនីតិវិធីនោះទេ ។
នៅចំពោះមុខអ្នកភូមិនារីវ័យ១៨ឆ្នាំដែលសម្លាប់ឪពុកបាននិយាយទាំងទឹកភ្នែកថា ឪពុករបស់ខ្ញុំបានចាប់រំលោភខ្ញុំ ខណៈពេលដែលសមាជិកក្រុមគ្រួសារទាំងអស់របស់ខ្ញុំ ចេញទៅលេងផ្ទះបងប្អូន ។ នាងបានបន្តទៀតថា គាត់បានចូលមកក្នុងបន្ទប់របស់ខ្ញុំ រួចចាប់រំលោភទាំងកំរោល ហើយក៏បានចូលទៅសម្ងំដេកធ្វើព្រងើយ ក៏ប៉ុន្តែនៅពេលព្រឹកជិតភ្លឺគាត់បានត្រឡប់មករកខ្ញុំម្ដងទៀត ដើម្បីចាប់រំលោភ ពេលនោះហើយដែលខ្ញុំអត់ទ្រាំពុំបាន ហើយក៏បានយកកាំបិតកាប់សម្លាប់រួចកាត់ក ហើយបានកាប់ចិញ្ច្រាំក្បាលរបស់គាត់ជាច្រើនកាំបិតទៀតផង ។
រហូតមកដល់ពេលនេះអ្នកភូមិនៅតែពុំព្រមប្រគល់ក្មេងស្រីទៅឱ្យប៉ូលិសនៅឡើយទេ ហើយពួកគេនៅតែទទូចដល់អាជ្ញាធរសុំឱ្យក្មេងស្រីមានសិទ្ធិរស់នៅក្នុងភូមិនេះដដែលដោយមិនឱ្យមានទោសពៃរ៍អ្វីឡើយ ។ ចំណែកឯសពឪពុករបស់នាងក៏មិនត្រូវបាន អនុញ្ញាតឱ្យរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណីឡើយដោយសារតែពួកគេខឹងនឹងជនអគតិរូបនេះ ៕
ចែករំលែកព័តមាននេះ