ខេត្តកំពង់ឆ្នាំង ៖ ឆ្លើយតបតាមផែនការស្តីពីការបំលាស់ទីផ្ទះបណ្តែទឹក របស់រដ្ឋបាលសាលាខេត្ត កំពង់ឆ្នាំង ប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ មកដល់ពេលនេះបានមកបោះទីតាំងឡើងលើគោក បានប្រមាណ៨៥ភាគរយហើយ ក្នុងចំនួនប្រជាពលរដ្ឋជិត២ពាន់គ្រួសារ។ ចំណែកនៅសេសសល់ខ្លះ គឺជាផ្ទះមានបែត្រីនៅពីក្រោម ហើយផ្ទះបែបនេះនឹងឡើងមករស់នៅលើគោក នៅក្នុងខែមីនា ឆ្នាំ២០១៩នេះ។ នេះជាការអះអាងរបស់លោក សាំង ស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌។
![Picture]()
លោក មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានបន្តថា៖ ថ្វីបើឃុំឆ្នុកទ្រូ ស្រុកបរិបួរណ៌ មិនទាន់មានប្រព័ន្ធទឹកស្អាត ដូចនៅក្រុងកំពង់ឆ្នាំងក៏ពិតមែន ប៉ុន្តែរឿងទឹកស្អាតប្រើប្រាស់មិនជាបញ្ហាចោទប៉ុន្មាននោះទេ ព្រោះមាន អង្គការចំនួនពីរ បានជួយអណ្តូងទឹក ចំនួន២៦០អណ្តូង ក្នុងនោះអង្គការ ម៉ូស្លីមវាយអេត ជួយ១៤០ អណ្តូង និងអង្គការវ៉ុលវីហ្ស៊ុននឹងជួយ១២០អណ្តូង។ លោកបានបញ្ជាក់ថា ការបំលាស់ទីផ្ទះបណ្តែទឹក របស់ប្រជាពលរដ្ឋ ឃុំឆ្នុកទ្រូ មកដល់ពេលនេះ បានប្រមាណជាង៨៥ភាគរយហើយ ប៉ុន្តែទីតាំងដែលគាត់មករស់នៅថ្មី មានខ្លះកម្ពស់ទឹកនៅជាង១ម៉ែត្រ និងខ្លះទៀតជាងកន្លះមែត្រ ចំណែកខ្លះទៀតក៏គោកទាំងស្រុង។ ចំពោះអ្នកមានទីតាំងដីគោក ខាងអង្គការដែលជួយអណ្តូងទឹកបាន និងកំពុងជីកជាបណ្តើរៗហើយ និងបន្តជីកជូនរហូតគ្រប់ចំនួននៅពេលទឹកស្រកអស់។
![Picture]()
លោក សាំង ស៊ន មេឃុំឆ្នុកទ្រូ បានបញ្ជាក់ថា ឃុំឆ្នុកទ្រូ មានចំនួន៣ភូមិ គឺភូមិឆ្នុកទ្រូ ភូមិសេះស្លាប់ និងភូមិកំពង់ព្រះ។ មានប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹកចំនួន១.៩៦០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋខ្មែរមាន ចំនួន១.១៨០គ្រួសារ និងជនជាតិវៀតណាមមាន ចំនួន៧៨០គ្រួសារ។ គិតត្រឹមរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋដែលបានបំលាស់ទីសរុបមានចំនួន១.៨៣៨គ្រួសារ បានឡើងរស់នៅលើគោក តាមគោលដៅដែលបានកំណត់តាមភូមិនីមួយៗ។ ជាមួយគ្នានេះ ផ្ទះដែលនៅសេសសល់ គឺជាផ្ទះពីលើចិញ្ចឹមត្រីក្នុងបែពីក្រោមមានចំនួន១២២ខ្នងផ្ទះទៀត អាជ្ញាធរអនុញ្ញាតឲ្យរស់នៅលើទឹកត្រឹមខែមីនា ឆ្នាំ២០១៩ប៉ុណ្ណោះ គឺនៅពេលដែលចាប់ត្រីអស់ពី ក្នុងបែលក់អស់។
![Picture]()
ដោយឡែកផ្ទះបណ្តែតទឹកមានប្រកបរបរអាជីវកម្ម លក់ប្រេងឥន្ទៈ និង ផ្ទះផលិតទឹកកកក៏បានធ្វើកិច្ចសន្យារុះរើឡើងគោក នៅក្នុងខែមីនា ឆ្នាំ២០១៩ ផងដែរ។ តាមការបញ្ជាក់របស់អាជ្ញាធរ មូលដ្ឋានដដែល បានឲ្យដឹងថា ក្រៅពីទឹកស្អាតសម្រាប់ប្រើប្រាស់ របស់អ្នកត្រូវផ្លាស់ទីពីក្នុងទឹកមករស់លើគោក គឺមានបង្គន់អនាម័យ និងប្រព័ន្ធអគ្គិសនីក៏ជាបញ្ហាដែរ តែអាជ្ញាធរបានសុំអង្គការនានា បានជិតគ្រប់ចំនួនហើយ ដោយឡែកប្រព័ន្ធអគ្គិសនីគឺមានស្រាប់ មិនជាបញ្ហានោះទេ៕
ចែករំលែកព័តមាននេះ