រាជធានីភ្នំពេញ ៖ ដីស្រែប្រជាពលរដ្ឋដែលស្ថិតនៅជាប់រណ្តៅដីដ៏ជ្រៅរបស់ឈ្មួញជីកដីឈ្មោះឃុត ឌីវឌ្ឍនា កំពុងត្រូវបានបាក់ស្រុតគួរឱ្យព្រួយបារម្ភ ហើយពេលម្ចាស់តវ៉ាឈ្មួញខាងលើបានសុំទិញយកក្នុងតម្លៃថោកៗបំផុត ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានម្ចាស់ដីប្តឹងជាបន្តបន្ទាប់រហូតមកដល់ពេលនេះនៅមិនទាន់បានដោះស្រាយចប់នៅឡើយទេ ដែលជាហេតុបង្កការឈឺក្បាលដល់អាជ្ញាធរមូលដ្ឋានមិនចេះចប់។
រថយន្តប្រភេទយីឌុបរាប់សិបគ្រឿងដែលដឹកដីចេញពីក្នុងរណ្តៅនោះមួយគ្រឿងៗផ្ទុកទម្ងន់រាប់សិបតោនបានកំពុងបើកបរយ៉ាងគគ្រឹកគគ្រេងដូចគេហែកឋិនបំផ្លាញផ្លូវជាតិលេខ២ និងផ្លូវចំការដូង ព្រមទាំងផ្លូវនានាផ្សេងទៀតដោយសេរី ។ ប្រជាពលរដ្ឋបានឱ្យដឹងថា រណ្តៅរបស់លោកឃុត ឌីវឌ្ឍនា នេះមានទីតាំងស្ថិតនៅក្នុងភូមិស្រីស្នំ និងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានដំណើរការជីកយកអាចម៍ដីលក់មានរយៈពេលជាង៤ឆ្នាំកន្លងមកហើយ ពេលនេះមានជំរៅមិនខ្វះពីជាង៤០ម៉ែត្រនោះទេ និងមានទំហំដីប្រមាណជិត១០ហិកតាឯណោះ។
ប្រជាពលរដ្ឋបានបន្តទៀតថា អ្នកកាសែតមិនត្រូវបានគេអនុញ្ញាតឱ្យទៅក្បែរនោះឡើយ សូម្បីតែពួកគាត់ដែលជាប្រជាពលរដ្ឋធម្មតា និងជាអ្នកភូមិនោះក៏មិនបានទៅជិតផង ព្រោះមានអ្នកយាមតឹងរ៉ឹងណាស់ ប៉ុន្តែពួកគាត់មិនបានដឹងថា តើអ្នកយាមនោះជាកម្លាំងខាងណាទេ។ អ្នករងគ្រោះជាច្រើនដែលធ្លាប់បាក់ដីស្រែចូលទៅក្នុងរណ្តៅដីនោះ កាលពីឆ្នាំមុនបាននាំគ្នាធ្វើបាតុកម្មដុតសំបកកង់រថយន្តនៅលើកំណាត់ផ្លូវជាតិលេខ២ធ្វើការតវ៉ាប្រឆាំងនឹងឈ្មួញជីកដីនោះ។
ទោះបីជាបែបណាប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មានបំណងចង់ឱ្យអាជ្ញាធរពិនិត្យមើលរណ្តៅដីមួយនេះផង ដីកាន់តែជ្រៅទៅៗហើយ និងប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ខ្លាំងណាស់ ព្រោះវាមានជម្រៅជ្រៅគួរឱ្យខ្លាច និងបំផ្លាញផ្លូវគ្រប់កន្លែងថែមទៀត បើមិនទប់ស្កាត់ទេនឹងបាក់ដីពួកគាត់ជាបន្តបន្ទាប់ទៀតហើយ៕
ចែករំលែកព័តមាននេះ