ខេត្តបាត់ដំបង ៖ រថយន្ត៣គ្រឿងបានបុកបន្តបន្ទាប់គ្នា កាលពីរសៀលថ្ងៃទី២៣ មិថុនាត្រង់ផ្លូវបែកជា៤ លើផ្លូវជាតិលេខ៥៧ ក្នុងភូមិ-សង្កាត់វត្តគ ក្រុងបាត់ដំបង ដែលកើតឡើងដោយការធ្វេសប្រហែសមិនគោរពច្បាប់ចរាចរណ៍ ប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។
សមត្ថកិច្ចឱ្យដឹងថា រថយន្តទាំង៣គ្រឿងដែលជួបគ្រោះថ្នាក់ចរាចរណ៍ ១-រថយន្តធុនធ្ងន់ប្រភេទយីឌុប ពាក់ស្លាកលេខតាកែវ 3A-0617 បើកបរដោយឈ្មោះ សើរ ពិទូ អាយុ២៦ឆ្នាំ ធ្វើដំណើរលើផ្លូវជាតិលេខ៥៧ ពីកើតទៅលិច ២-រថយន្តដឹកដី ពាក់ស្លាកលេខភ្នំពេញ 3A-2922 អ្នកបើកបរឈ្មោះ លី សេង អាយុ៤០ឆ្នាំ នៅក្រុងបាត់ដំបង ធ្វើដំណើរឆ្លងផ្លូវជាតិលេខ៥៧ពីត្បូងទៅជើង និង៣-រថយន្តកាមរី ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2K-0846 អ្នកបើកបរឈ្មោះ វ៉ាន់ បូរុំ អាយុ៣៦ឆ្នាំ នៅស្រុកឯកភ្នំ បម្រុងបើកឆ្លងផ្លូវជាតិពីជើងទៅត្បូង ។
សាក្សីនិយាយថា មុនពេលកើតហេតុ រថយន្តយីឌុបបើកលឿនគួរសម តាមផ្លូវជាតិខណៈកំពុងមានភ្លៀងធ្លាក់ លុះមកដល់ចំណុចកើតហេតុរថយន្តដឹកដីបើកឆ្លងកាត់ពីត្បូងទៅជើង ធ្វើឱ្យរថយន្តយីឌុបជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពេញទំហឹងចំពាក់កណ្តាលធ្វើឱ្យរថយន្តដឹកដីវិលកន្ទុយទៅបោកលើរថយន្តកាមរី ដែលកំពុងឈប់ស្ងៀមក្បែរចិញ្ចើមផ្លូវបម្រុងឆ្លង បណ្តាលឱ្យក្រពឹតផ្នែកខាងមុខ និងចាក់ដីលើរថយន្តកាមរីនោះពេញដំបូលទៀតផង ។
មន្ត្រីជំនាញដែលចុះទៅពិនិត្យកន្លែងកើតហេតុឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយការធ្វេសប្រហែសមិនគោរពសិទ្ធិអាទិភាពគ្នា ពិសេសស្លាកសញ្ញាចរាចរណ៍លើដងផ្លូវ ។ សមត្ថកិច្ចបានយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យជំនាញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ