ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ មិថុនា នៅសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ វិទ្យាស្ថានគុណភាពជាតិ ទីក្រុងព្រុចសែល ប្រទេសបែលហ្សុិក បានធ្វើពិធីប្រគល់មេដាយមាសដល់ក្រុមហ៊ុនផលិតស្រាបៀរអង្គរ និងមេដាយហ្គ្រេនហ្គូល ដល់ស្រាបៀរអង្គរអុិចស្ត្រាស្តោត ក្រោមអធិបតីភាពលោក ស្បោង សារ៉ាត អភិបាលខេត្ត ។ ចូលរួមក្នុងពិធីនេះមាន លោកបណ្ឌិត សាសាណា ភូម៉ាស៊ី អគ្គនាយកក្រុមហ៊ុនស្រាបៀរខេមប៊្រូវ លោកអភិបាលរងខេត្ត មន្ត្រីមន្ទីរនានាក្នុងខេត្ត កម្មករនិយោជិត ក្នុងក្រុមហ៊ុនផលិតស្រាបៀរអង្គរ និងភ្ញៀវជាតិ អន្តរជាតិ សរុបជាង១.០០០នាក់ ។
លោក លីម សេងហុង នាយកបច្ចេកទេសប្រចាំរោងចក្រផលិតស្រាបៀរអង្គរ នៅខេត្តព្រះសីហនុ ថ្លែងថា ស្រាបៀរអង្គរ បេះដូងខ្មែរ ដែលផលិតដោយក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប៊្រូវ មានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានវិទ្យាស្ថានអន្តរជាតិ សម្រាប់ការជ្រើសរើសគុណភាពពិភពលោក (Monde Selection) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សុិក ប្រកាសជ្រើសរើស និងទទួលស្គាល់ជាស្រាបៀរជាតិទី១ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានប្រគល់មេដាយមាសសម្រាប់ឆ្នាំ២០១៣ ពីវិទ្យាស្ថានខាងលើនេះ ជូនដល់ក្រុមហ៊ុនផលិតស្រាបៀរអង្គរ នៅខេត្តព្រះសីហនុ នាពេលនេះ ។
ជាមួយគ្នានេះ ស្រាបៀរអង្គរអុិចស្ត្រាស្តោត ក៏ត្រូវបានជ្រើសរើសដោយវិទ្យាស្ថានខាងលើជាស្រាបៀរទឹកខ្មៅដែលល្អបំផុតក្នុងពិភពលោក ហើយក៏ត្រូវបានផ្តល់រង្វាន់ជាមេដាយមាសថ្នាក់ហ្គ្រេនហ្គូល ។ មិនតែប៉ុណ្ណោះ សម្រាប់ស្រាបៀរអង្គរបេះដូងខ្មែរ មិនមែនផ្អែកតែទៅលើគុណភាពនៃរសជាតិតែ១ប៉ុណ្ណោះទេ ដែលអាចទទួលបានមេដាយមាសនាពេលនេះ គឺយើងត្រូវឆ្លងកាត់ការកំណត់គុណភាពស្តង់ដាចំនួន៣៦លក្ខណៈវិនិច្ឆ័យដោយវិទ្យាស្ថាន Monde Selection ដូច្នេះហើយ គឺពិតជាមិនមែនជារឿងងាយស្រួលនោះទេ ដើម្បីទទួលបានមេដាយមាសនៅពេលនេះ ។
លោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ ក្នុងនាមអាជ្ញាធរដែនដី បានមានមតិសំណេះសំណាលក្នុងក្តីសោមនស្សរីករាយក្រៃលែង ជាមួយលោកអគ្គនាយកក្រុមហ៊ុនស្រាបៀរអង្គរ ក៏ដូចជាថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អ្នកជំនាញឯកទេសផ្សេងៗ រួមនឹងកម្មករនិយោជិត ដែលបានខិតខំប្រឹងប្រែងរហូតធ្វើឱ្យក្រុមហ៊ុនផលិតស្រាបៀរអង្គរបេះដូងខ្មែរទទួលបានមេដាយមាស នាឆ្នាំ២០១៣នេះ ។ លោកអភិបាលខេត្ត បានសំណូមពរឱ្យបងប្អូនដែលជាថ្នាក់ដឹកនាំ ក៏ដូចជាកម្មករនិយោជិត ត្រូវខិតខំបន្ថែមទៀតដើម្បីឈានឆ្ពោះទៅប្រកួតប្រជែងនៅលើទីផ្សារ ក្នុងនាមជាសមាជិកអាស៊ាន នៅពេលអនាគត និងកាន់តែធ្វើឱ្យស្រាបៀរជាតិយើងទទួលបាននូវកិត្យានុភាពបន្ថែមទៀត នៅលើឆាកអន្តរជាតិ ជាពិសេសនាំមកនូវមោទនភាពជូនដល់ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ៕
ចែករំលែកព័តមាននេះ