រដ្ឋមន្ដ្រីការបរទេសអេក្វាទ័រលោក រីកាដូ ប៉ាទីណូអារ៉ូកា រាយការណ៍កាលពីថ្ងៃទី២៣ មិថុនាថា រដ្ឋាភិបាលអេក្វាទ័របានផ្ដល់សិទ្ធិជ្រកកោនដល់អតីតភ្នាក់ងាររបស់CIA លោក EDWARD SNOWDEN អតីតអ្នកវិភាគព័ត៌មានវិទ្យាជាប្រភពកម្មវិធីត្រួតពិនិត្យទូរស័ព្ទ និងអីុនធើរណេតរបស់អាមេរិក ។
លោក ប៉ាទីណូ ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសវៀតណាមនោះពុំបានផ្ដល់ភាពលម្អិតជាងនេះឡើយ ។ យោងតាមព័ត៌មានទាំងឡាយថា លោក EDWARD SNOWDEN បានទៅដល់ទីក្រុងមូស្គូហើយ មកពីក្រុងហុងកុងតាមយន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្សុី AEROPLOT កាលពីរសៀលថ្ងៃទី២៣ មិថុនា ។ ព័ត៌មានទាំងឡាយរាយការណ៍ឱ្យដឹងដែរថា លោក SNOWDEN នឹងអាចទៅកាន់ប្រទេសគុយបានាថ្ងៃទី២៤ មិថុនា មុនពេលទៅកាន់ប្រទេសវេណេស៊ុយអេឡា ។
ក្រសួងយុត្ដិធម៌អាមេរិកថ្លែងកាលពីថ្ងៃទី២៣ មិថុនាថា សហរដ្ឋអាមេរិកមានការខកចិត្ដចំពោះសេចក្ដីសម្រេចចិត្ដរបស់ក្រុងហុងកុង ពុំព្រមចាប់ខ្លួនលោក SNOWDEN មុនពេលជននេះចាកចេញពីដែនដីខ្លួន ។ អ្នកនាំពាក្យម្នាក់របស់ក្រសួងនោះអះអាងថា ក្រុងវ៉ាស៊ិនតោន ដែលស្នើឱ្យមានការចាប់ខ្លួនលោក SNOWDEN ហើយបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនោះ បានគោរពដល់សន្ធិសញ្ញានៃការធ្វើបត្យាប័ន ដែលមានជាធរមានរវាងក្រុងវ៉ាស៊ិនតោន និងក្រុងហុងកុង ៕
ចែករំលែកព័តមាននេះ