ខេត្តព្រះសីហនុ ៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ បានត្រូវក្រុមគ្រួសារប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកក្បែរផ្ទះ ខណៈពេលចូលទៅក្នុងបន្ទប់ទឹកដើម្បីលុបលាងខ្លួន ។ ហេតុការណ៍នេះកើតឡើងនៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ហើយការប្រទះឃើញសព គឺនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ មិថុនា ។
ប្រភពព័ត៌មានពីស្ត្រីជាម្តាយឈ្មោះ នួន ស៊ីនន អាយុ៤៥ឆ្នាំ និយាយថា កូនប្រុសគាត់ដែលធ្វើអត្តឃាតនេះឈ្មោះ ថាន់ ថៃ ជាអ្នកនេសាទ បានយកអាវដៃវែង ពណ៌ស ទៅចង.កនឹងមាត់ទ្វារបន្ទប់ទឹក បណ្តាលឱ្យស្លាប់ ប៉ុន្តែមិនដឹងតាំងពីថ្មើរណា លុះព្រឹកឡើងទើបដឹង ។ កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី២២ មិថុនា កូនគាត់ និងក្រុមគ្រួសារទាំងអស់បានអង្គុយមើលទូរទស្សន៍ទាំងអស់គ្នា ។ លុះដល់ម៉ោងជាង៩យប់ កូនគាត់ក៏ចុះពីលើផ្ទះមកក្រោម តែគាត់មិនបានចាប់អារម្មណ៍ថាចុះមកក្រោមធ្វើអ្វីទេ ។ បន្ទាប់មកពួកគាត់ក៏នាំគ្នាចូលសម្រាកទាំងអស់គ្នាទៅ លុះព្រឹកឡើងក៏ប្រទះឃើញចង.កនៅនឹងមាត់ទ្វារបន្ទប់ទឹក ដែលធ្វើឱ្យគាត់តក់ស្លុតយ៉ាងខ្លាំង ។
ស្ត្រីជាម្តាយបន្តទៀតថា បន្ទាប់ពីឃើញទិដ្ឋភាពដូចនេះ ក៏មានការឆោឡោឡើង ហើយសមត្ថកិច្ច ក៏ចុះមកពិនិត្យសព និងបញ្ជាក់ថា កូនប្រុសគាត់ពិតជាចង.កសម្លាប់ខ្លួនមែន ពុំមែនជារឿងឃាតកម្មទេ ហើយក៏ប្រគល់សពឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។ ឪពុកម្តាយនិយាយថា ពួកគាត់ថែរក្សា និងចិញ្ចឹមកូនបានរហូតប៉ុណ្ណឹង គឺឆ្លងកាត់ឧបសគ្គច្រើនណាស់ មិនគួរកូនប្រុសគាត់គិតខ្លីបែបនេះទេ ៕
ចែករំលែកព័តមាននេះ