រាជធានីភ្នំពេញ ៖ នារីម្នាក់រងរបួសជាទម្ងន់ត្រូវយុវជនជាសង្សារគ្រាហ៍ឡើងរថយន្តសង្គ្រោះ ខណៈដែលយុវជនជាសង្សារជិះម៉ូតូឌុបនាង ហើយវ៉ារថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី២៣ មិថុនា តាមបណ្តោយផ្លូវលេខ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីនគបាលចរាចរខេត្តពោធិ៍សែនជ័យបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BE-7540 ជិះដោយយុវជនម្នាក់ឌុបសង្សារ ទើបចេញពីហាងផឹកស៊ីនៅក្បែរកន្លែងកើតហេតុ ដោយជិះក្នុងទិសដៅពីលិចទៅកើត ។ លុះដល់ចំណុចកើតហេតុខាងលើបានបើកវ៉ារថយន្តមួយគ្រឿងនៅខាងមុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកស្មាសវី ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD-2840 ជិះម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសគ្នា បណ្តាលឱ្យដួលខូចខាតម៉ូតូផ្នែកខាងមុខទាំងពីរគ្រឿង ចំណែកនារីដែលជិះជាមួយសង្សាររងរបួសធ្ងន់បែកក្បាលពីក្រោយ ឯយុវជនជាសង្សារនិងអ្នកបើកម៉ូតូស្មាសរងរបួសស្រាល ទៅព្យាបាលរបួសដោយខ្លួនឯង ។
អ្វីដែលធ្វើឱ្យអ្នកចោមរោមមើលហេតុការណ៍ភ្ញាក់ផ្អើល គឺយុវជនជាសង្សារបានអង្គុយឱបថើបនារីនោះដើម្បីផ្តល់កម្លាំងចិត្ត និងនឹកអាណិតស្រណោះមិនគួរមានគ្រោះថ្នាក់តែមួយប៉ប្រិចភ្នែកបែបនេះសោះ ។ នារីរងគ្រោះរូបនេះឈ្មោះ កាន់ ភក្តី អាយុ២៤ឆ្នាំ សព្វថ្ងៃកំពុងរៀនកាត់ដេរ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយពេលកើតហេតុនារីរងគ្រោះត្រូវរថយន្តរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។ ម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ៕
ចែករំលែកព័តមាននេះ